Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកពន្ធដារ និងអភិបាលខេត្តសៀមរាប ប្រជុំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលពន្ធ ក្នុងខេត្តសៀមរាប

10-07-2017 19:05

(សៀមរាប)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ រួមជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ក្នុងនាមជាសហប្រធាន បានដឹកនាំកិច្ចប្រជុំស្តីអំពី «ការពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ សម្រាប់ថវិកាថ្នាក់ក្រោមជាតិ ព្រមទាំងការចុះអង្កេតផ្ទៀងផ្ទាត់សហគ្រាស និងការធ្វើបច្ចុប្បន្នភាពទិន្នន័យ អចលនទ្រព្យក្នុងខេត្តសៀមរាប» ដែលបានរៀបចំឡើងនៅសាលាខេត្តសៀមរាប ដោយមានការចូលរួមពីអគ្គនាយករង ព្រមទាំងអភិបាលរង លោក-លោកស្រី ជាមន្ត្រីជំនាញនៃសាខាពន្ធដារខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធមកពីស្ថាប័ន-មន្ទីរនានាជុំវិញខេត្ត។

កិច្ចប្រជុំថ្ងៃនេះ មានគោលដៅសំខាន់ ក្នុងការពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ សម្រាប់ថវិកាថ្នាក់ក្រោមជាតិ ក្នុងនោះមានពន្ធអចលនទ្រព្យ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ពន្ធប្រថាប់ត្រាជាដើម ដែលជាថវិកាថ្នាក់ក្រោមជាតិ ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ កិច្ចប្រជុំបានផ្តោតលើ ការចុះអង្កេតផ្ទៀងផ្ទាត់សហគ្រាសក្នុងខេត្តសៀមរាប និងការធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យ។ ដើម្បីអនុវត្តការងារនេះឱ្យបានជោគជ័យ អគ្គនាយកដ្ឋានពន្ធដារចាំបាច់ សុំកិច្ចសហការពីលោកអភិបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានជុំវិញខេត្ត។

លោក គង់ វិបុល បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ គឺមិនមានការបង្កើតប្រភេទពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺមានតែពង្រឹងការគ្រប់គ្រងប្រមូលពន្ធ។ លើសពីនេះទៀត រាជរដ្ឋាភិបាលតែងតែគិតគូរ ដល់ប្រជាពលរដ្ឋអ្នករកស៊ីតូចតាច តាមរយៈការលុបចោលនូវរបបម៉ៅការ ស្របតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រប់ឆ្នាំ២០១៦ ដែលក្នុងនោះប្រជាពលរដ្ឋជាអាជីវករតូចតាច បែបលក្ខណៈគ្រួសារដូចរៀបរាប់ខាងលើ ហើយមានកម្រិតផលរបរក្រោម ២៥០លានរៀល គឺជាកម្មវត្ថនៃការលើកលែងពន្ធ និងមិនមានកាតព្វកិច្ចសារពើពន្ធទេ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម តាមរយៈអនុក្រឹត្យលេខ ១៧អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត របស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម និងប្រកាសលេខ ៥០២សហវ.ប្រក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្តីពីការណែនាំអនុវត្តអនុក្រឹត្យ ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត របស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម៕