(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ​សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រូតពិនិត្យទំនិញ និងដកហូតទំនិញហួសកាលបរិច្ឆេទ ខូចគុណភាពបានជិត១តោន នៅផ្សារកំពង់ហ្លួង ស្រុកក្រគរ។

លោក តូច ចៅកុយ ប្រធានសាខាខេត្តពោធិ៍សាត់ បានឲ្យដឹងថា យុទ្ធនាការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោយចុះត្រួតពិនិត្យមន្ដ្រីជំនាញ ហើយរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើនមុខ ដើម្បីយកទៅដុតកម្ទេចចោល ដែលមានសរុប៩៤៧.៥គីឡូក្រាម។​

ជាមួយគ្នានេះ ក្រុមកាងារក៏បានចែក បិទផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ ព្រមទាំងអ្នកប្រើប្រាស់ឲ្យបាន​យល់ដឹង ពីផលវិបាកដែលបណ្តាលមក ពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោក តូច ចៅកុយ បានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុង​ត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំង​លក់​តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូល តាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់​ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំង នៅពេលឃើញមន្រ្តីកាំកុងត្រូល ចុះមកត្រួតពិនិត្យទំនិញនៅក្នុងផ្សារដើម្បីចូលរួម ទប់ស្កាត់សុវត្ថិភាពចំណីអាហារ៕