(ភ្នំពេញ)៖ ដើម្បីជួយកែលម្អសោភ័ណ្ឌភាព អាគារសិក្សាដល់សិស្សានុសិស្ស នាថ្ងៃសម្រាកចុងសប្ដាហ៍ បុគ្គលិកក្រុមហ៊ុន CBL បាននាំគ្នាចុះជួយជួសជុល និងកែលម្អសោភ័ណ្ឌភាព នៃអាគារសិក្សានៅក្នុងវិទ្យាល័យព្រែកឯង។
ការចុះជួយនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់ លោក អ៊ុក សម្បត្តិ អនុប្រធានមន្ទីរអប់រំ លោក អ៊ុ សារី ប្រធានការិយាល័យអប់រំខណ្ឌច្បារអំពៅ លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យព្រែកឯងជាច្រើននាក់ទៀតផងដែរ។
នាឱកាសនោះ លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងសហការី ទាំងអស់ដែលបានចុះជួយដល់វិទ្យាល័យព្រែកឯក តាមរយៈការធ្វើការជួសជុលកែលម្អឡើងវិញ នូវអគារសិក្សាមួយខ្នងមាន៤បន្ទប់ ដែលអាចទទួលសិស្សានុសិស្សចំនួន៣២០នាក់និងជួយដាក់ប្រព័ន្ធបណ្តាញលូទឹកសំរាប់ជួយ កាត់បន្ថយទឹកជន់ក្នុងបរិវេណសាលា នៅពេលភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សា។
លោក Roland Bala នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CBL បានឲ្យដឹងថា កាលពី២០ឆ្នាំមុន ក្រុមហ៊ុន CBL បានកសាងអគារមួយខ្នងនេះ ជូនដល់សិស្សានុសិស្សវិទ្យាល័យព្រែកឯង ហើយគិតមកដល់បច្ចុប្បន្នមាន សិស្សានុសិស្សរាប់ពាន់នាក់ ធ្លាប់បានសិក្សាក្នុងអគារនេះ ជាពិសេសក៏មានបុគ្គលិកក្រុមហ៊ុនមួយចំនួនធ្លាប់ បានសិក្សានៅទីនេះផងដែរ។ តែបច្ចុប្បន្នអគារនេះស្ថិតក្នុងសភាព ទ្រុឌទ្រោមស្ទើរតែត្រូវបោះបង់ ហើយចាំបាច់ត្រូវការជួសជុលកែលំអឡើងវិញ។ ថ្ងៃនេះយើងមានសេចក្តីរីករាយនឹងត្រលប់
មកសាលានេះ ជាថ្មីម្តងទៀត ធ្វើការកែលំអអគារ និងធ្វើឲ្យថ្នាក់រៀននិមួយៗ មានសោរភ័ណ្ឌភាពស្រស់ស្អាតគួរ ឲ្យចង់ចូលសិក្សាឡើងវិញ។
ក្នុងនោះដែរលោកក៏បានសម្ដែងការរីករាយជាខ្លាំង ដោយបានឃើញបុគ្គលិកក្រុមហ៊ុន បានស្ម័គ្រចិត្តចូលរួមកម្មវិធីលាបថ្នាំឆ្នាំនេះ មានការកើនឡើង១៣៤នាក់ ហើយបានថ្លែងអំណរគុណ ដល់បុគ្គលិកស្ម័គ្រចិត្តទាំងអស់ ដែលចំណាយពេលវេលាចុងសបា្តហ៍ ដើម្បីចូលរួមចំណែកក្នុងការ ជួយសង្គមរបស់យើងនៅថ្ងៃនេះ។ លោកសង្ឃឹមទៀតថា
សកម្មភាពសង្គមរបស់យើង នឹងជួយកាត់បន្ថយការលំបាករបស់ សិស្សានុសិស្ស ហើយនឹងពួកគេឲ្យផ្តោតលើការសិក្សា ដើម្បីអនាគតដ៏ល្អរបស់ខ្លួន។
គួររម្លឹកផងដែរថា ក្រុមហ៊ុន CBL តែងតែចូលរួមរាល់សកម្មភាពនានា ក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់
ជាពិសេសលើការប្រព្រឹត្ដខ្លួនជាសហគ្រាសមួយ ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ៕