(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានបង្ហោះសារដ៏ចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម Facebook ដោយចោទជាសំណួរថា តើសម្តេចត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា សម្តេចកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ? ទោះខ្ញុំផ្ទេរសិទ្ធិ ឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ទាំងស្រុងយ៉ាងដូច្នេះថា៖ «នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ប៉ុន្តែប្រជាជនកម្ពុជាតែងចាត់ទុកថាម្នាក់នេះ (ហ៊ុន សែន) តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា តាំងពីប្រជាជននៅក្រលំបាក១០០% រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។ តើខ្ញុំមានសិទ្ធិសប្បាយរីករាយជួបជុំកូនចៅដូចក្នុងរូបថតនេះដែរឬទេ? តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?។

ទោះខ្ញុំផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរ បើចង់ដឹងសុំសាកល្បងមើល Sic! បន្តមកកំសាន្តសប្បាយជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលតំបន់ប្រាសាទសំបូរព្រៃគុក ដាក់ជាបេតិ កភណ្ឌពិភពលោកនាពេលថ្មីៗនេះ ហើយក៏រង់ចាំមើលបក្សនយោបាយ ឬសង្គមស៊ីវិលណាខ្លះ នឹងចូលរួមអបអរសាទរជាមួយជោគជ័យដ៏មហិមារបស់ប្រជាជនកម្ពុជានេះផងដែរ។

ការប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះធ្វើឡើងបន្ទាប់ពី សក​ម្មជនរបស់គណបក្សសង្រ្គោះជាតិ ឈ្មោះ Chham Chhany បានបង្ហោះសារថា សម្តេចតេជោ ហ៊ុន​ សែន​ បានទៅសម្រាកនៅមន្ទីរពេទ្យសឹង្ហបុរី តាំងពីថ្ងៃទី០១​ ខែកក្កដា​ ២០១៧ម៉្លេះ ដូច្នេះហើយបានទីស្តីការគណៈរដ្ឋមន្រ្តី លុបចោលការប្រជុំ​ ព្រោះមិនចង់ឲ្យអ្នកណាដឹងពីព័ត៌មាននេះ​។

Facebook របស់សកម្មជនបក្សប្រឆាំង Chhany Chhany បានសរសេរយ៉ាងដូច្នេះថា «ពេលអវត្តមាននាយករដ្ឋមន្ត្រី​ គឺត្រូវតែមាននាយករដ្ឋមន្ត្រីស្តីទី​ តែប្រភពបាននិយាយថា​ ហ៊ុន​ សែន​ មិនផ្ទេរតំណែងនាយករដ្ឋមន្ត្រីស្តីទីឲ្យ​ ស​ ខេង​ ឬ​ ប៊ិន​ ឈិន​ ទេ​ ព្រោះអត់ទុកចិត្ត​ ហើយសូម្បីតែពួកកូនៗ​ ហ៊ុន​ សែន​ ក៏អត់ហ៊ានចេញទៅមើល​ ហ៊ុន​ សែន​ ឈឺម្តងទាំងអស់គ្នាដែរ​ (ម៉ាណែត​ ម៉ានី​ ម៉ា​និត​) ដោយខ្លាចមានបញ្ហាផ្ទៃក្នុង​ (ពាលស៊ីពាលក្នុងបក្សតែមួយ​)»។

តាមរយៈរូបភាពដែលសម្តេចតេជោ ហ៊ុន សែន បង្ហោះជាច្រើនសន្លឹកនៅពេលនះ អាចនិយាយថា សម្តេចមានសុខភាពល្អ មិនដូចការលើកឡើងរបស់មនុស្សមួយចំនួននោះទេ។