(ប៉ៃលិន-បន្ទាយមានជ័យ)៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅរដ្ឋបាលខេត្តប៉ៃលិន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានទូងស្គរ ដើម្បីអបអរសាទរ «តំបន់ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្កការយូណេស្កូ។
រដ្ឋបាលខេត្តប៉ៃលិន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះជនរួមជាតិកម្ពុជា ដែលមានខ្លឹមសារថា «តំបន់ប្រាសាទសំបូរព្រៃគុក គឺជាបេតិភណ្ឌខ្មែរទី៣ហើយ ដែលទទួលបានលក្ខន្តិកៈដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្នូរ បន្ទាប់ពីប្រាសាទអង្គរវត្ត ខេត្តសៀមរាប ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២, របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅឆ្នាំ២០០៣ និងប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៧»។
សម្តេចតេជោ ហ៊ុន សែន បាន រំលេចថា ចំណែកការងាររៀបចំឯកសារស្នើដាក់ប្រាសាទសំបូរព្រៃគុក នេះទៀតសោត ត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ២០១២ មកម្ល៉េះ បន្ទាប់មកការងារនេះ ត្រូវបានប្រិតប្រៀង និងសម្រិតសម្រាំងកាន់តែហ្មត់ចត់ថែមទៀតនាចុងឆ្នាំ២០១៣ ស្របតាមទិសដៅណែនាំនៃការអនុវត្ត ក្នុងអនុសញ្ញាស្ដីពី ការការពារបេតិកភណ្ឌពិភពលោក វប្បធម៌ និងធម្មជាតិ ដែលកម្ពុជា គឺជាប្រទេសហត្ថលេខី មុននឹងសម្ដេចក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃកម្ពុជា លើកសំណើជាផ្លូវការ ទៅកាន់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ នៅដើមខែមករា ឆ្នាំ២០១៦។
សារលិខិតបានបន្តថា ផ្អែកលើសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលអ្នកជំនាញរបស់ ក្រុមប្រឹក្សាអន្តរជាតិស្ដីពី ប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) មកវាយតម្លៃតំបន់ប្រាសាទសំបូរព្រៃគុក នៅខែកញ្ញា ឆ្នាំ២០១៦ ទើបធ្វើសេចក្ដីសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុក នេះជាផ្លូវការទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំលើទី៤១ របស់អង្គការយូណេស្កូ នៅប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ កំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើង កាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) នាយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ មណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តនេះ ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចម្ងាយ៣៧គីឡូម៉ែត ពីទីរួមខេត្តកំពង់ធំ ដែលសង់លើដីរាបស្មើមានទំហំប្រមាណ៣,០០០ហិកតា៕