(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកងកម្លាំងជាប់ពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធបទល្មើសដូចជា៖ ឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច និងឆក់ ដែលតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

ការដាក់បញ្ជាក់យ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសដែល លោកឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញចូលរួមក្នុងពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួរនាទី ភារកិច្ចនិងការងារឆមាស១ និងទិសដៅឆមាស២ ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើង នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។ ក្នុងពិធីប្រជុំត្រួតពិនិត្យនេះ ក៏មានការចូលរួម ពីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ មេបញ្ចាការ ក្រុង-ស្រុក ស្នាក់ការសន្តិសុខប្រមាណជិត ៩០នាក់ទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់មន្ទីរ អង្គភាពក្រុង ស្រុក ស្នាក់ការ សន្តិសុខ ត្រូវបន្តក្តាប់ព័ត៌មានអសន្តិសុខ ធ្វើការងារស្រាវជ្រាវ រកមុខសញ្ញាដែលតែងតែបង្កការភ័យខ្លាចដល់ពលរដ្ឋ ជាងនេះទៅទៀតត្រូវធ្វើការស្រាវជ្រាវ រកមុខសញ្ញាបទល្មើស ឃាតកម្ម ប្លន់ប្រដាប់អាវុធ លួច ឆក់ -ល-»។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ត្រូវរកប្រភពឲ្យឃើញច្បាស់នៅក្នុងមូលដ្ឋាន ហើយចំពោះក្រុមចែកចាយគ្រឿងញៀន ត្រូវតែបង្ក្រាបឲ្យខានតែបាន ក្នុងទិសដៅ អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាពបានល្អប្រសើរ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ទៀតថា «ចំពោះការងារបន្ត កងរាជអាវុធហត្ថរបស់យើង ត្រូវប្រឹងប្រែងស្រាវជ្រាវស្វែងរក ចំពោះក្រុមឈ្មួញដែលបានរកស៊ី ដោយខុសច្បាប់ធនធានរ៉ែ ធនធានធម្មជាតិ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាល ជំរុញឲ្យមានការបង្ក្រាប ទប់ស្កាត់ និងត្រូវទៅអប់រំ ចំពោះពលរដ្ឋដែលប្រកបការងារនេះ»។

ជាមួយគ្នា​នេះលោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំឲ្យកងកម្លាំង ត្រូវចូលរួមសហការគ្រប់រូបភាព ក្នុងបេសកម្មមនុស្សធម៌ ចុះជួយប្រជាពលរដ្ឋ ដែលងាយរងគ្រោះ នៅតាមមូលដ្ឋាន ហើយពិនិត្យចំពោះសុខទុក្ខ បញ្ហាជីវភាព ការរស់នៅ ទុកលំបាក ដើម្បីស្វែងរកមធ្យោបាយជួយដល់ពួកគាត់តាមអ្វីដែលយើងមាន។

លោកមេបញ្ជាការ ក៏បានដាស់តឿនចំពោះបញ្ហាការងារ ស្ពឹកស្រពន់ខ្លះ កន្លងមកត្រូវកុំព្រងើយកន្តើយ បន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋ ធ្វើការសហការជាមួយពលរដ្ឋ តាមមូលដ្ឋាន ឲ្យពួកគាត់ជួយផ្តល់ព័ត៌មាន មកអង្គភាពដើម្បីងាយស្រួល ចំពោះការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ហើយធ្វើយ៉ាងណា មិនធ្វើឲ្យពលរដ្ឋ មានថ្នាក់ថ្នាំងចិត្តមកលើ កងកម្លាំងអាវុធយើងជាដាច់ខាត៕