(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួលមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅទី១០ ខែកក្កដា ឆ្នាំ២០១៧ បាននាំយកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថចំនួន២៨លានរៀល ជូនក្រុមគ្រួសារសពមន្រ្តីអាវុធហត្ថម្នាក់ដែលបានទទួលមរណភាព នៅក្នុងខណ្ឌមានជ័យ។
លោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត បានឲ្យដឹងថា ថវិកាទាំងនេះ បានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងនាមមនុស្សធម៌ សាមគ្គីភាព និងក្តីសណ្តោសប្រណី នៃមហាគ្រួសារ កងរាជអាវុធហត្ថទៅជូនគ្រួសារសព លោកវរសេនីយ៍ត្រី អ៊ុំ ប៊ុនធឿន នាយផ្នែកត្រួតពិនិត្យការិយាល័យ អធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ក្នុងជន្មាយុ៤២ឆ្នាំ ដោយរោគគារពាធស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះដែរថវិកាចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែបរិច្ចាគ ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។ លោក ម៉ាន់ ដាវីត បានបញ្ជាក់ថា នេះគឺជាសពទី៦ហើយ ដែលមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ បាននាំយកថវិកា សប្បុរសធម៌ទាំងនោះ ទៅចូលរួមរំលែកទុក្ខគ្រួសារសព៕