(ម៉ុងហ្គោលី)៖ ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ុងហ្គោលី លោក Khaltmaa Battulga បានស្បងថចូលកាន់តំណែងជាផ្លូវការហើយនាថ្ងៃចន្ទនេះ បន្ទាប់ពីរូបលោកបានទទួលជ័យជម្នះ នៅការបោះឆ្នោតជុំទីពីរកាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
នៅក្នុងពិធីស្បថឡើងកាន់តំណែងនាថ្ងៃនេះ លោក Battulga ដែលមកពីគណបក្សប្រឆាំងរបស់ម៉ុងហ្គោលី បានទទួលត្រាប្រធានាធិបតីជាផ្លូវការ ដើម្បីបន្តតំណែងពីប្រធានាធិបតីផុតអាណត្តិ លោក Tsakhiagiin Elbegdorj ក្រោយពីរូបលោក ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៦១០,៤៥១សន្លឹក នៅក្នុងការបោះឆ្នោតសម្រេចកាលពីថ្ងៃសុក្រសប្តាហ៍នេះ ខណៈគូប្រជែងរបស់លោក គឺលោក Miyegombyn Enkhbold ដែលមកពីគណបក្សប្រជាជនម៉ុងហ្គោលី ទទួលបានចំនួនតែ ៤៩៦,៧៦៥សន្លឹក។
គួរបញ្ជាក់ថា ក្នុងចំណោមប្រជាជនសរុបប្រមាណជា០៣លាននាក់ មានប្រជាជនម៉ុងហ្គោលីត្រឹមជាង ១.២លាននាក់ប៉ុណ្ណោះ ដែលបានទៅចូលរួមបោះឆ្នោត នៅក្នុងការជ្រើសរើសប្រធានាធីបតីលើកទី ០៧ របស់ប្រទេសអាស៊ីខាងកើតមួយនេះ។ ដោយឡែកសម្រាប់ប្រធានាធិបតីម៉ុងហ្គោលវិញ មានសិទ្ធិកាន់អំណាចបានរយៈពេលបួនឆ្នាំក្នុងមួយអាណត្តិ ហើយអាចត្រូវបោះឆ្នោតជ្រើសរើស ឲ្យកាន់តំណែងនេះសាជាថ្មីបានតែមួយលើកទៀតប៉ុណ្ណោះ៕