(ភ្នំពេញ)៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា ដែលមានថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លានដុល្លារ។
ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ហង់ ជួន ណារ៉ុន ក៏បានណែនាំផងដែរថា ដើម្បីឲ្យដំណើរការប្រឡង ប្រព្រឹត្តទៅប្រកបដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធភាពទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវ ដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឲ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុក ជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ មានចំនួនសរុប ១០៣,១១២នាក់ ដែលមានការកើនឡើងជាងឆ្នាំមុន ប្រមាណជាង ៩ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៦៕