(កំពត)៖ មនុស្ស១១នាក់ ជិះលើរថយន្តទួរីសដឹកអ្នកដំណើរ បានស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន១០នាក់ ខណៈដែលរថយន្ដនោះបុកគ្នា ជាមួយរថយន្តហ្វុយហ្សូ ក្រោមមេឃកំពុងភ្លៀង នៅព្រឹក១០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានបង្កឡើងរវាងរថយន្តហ្វុយហ្សូ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 2-2405 និងរថយន្តទួរីសដឹកអ្នកដំណើរ ពណ៌លឿង គ្មានពាក់ស្លាក ក្នុងទិសដៅបញ្ជ្រាសគ្នា ដោយរថយន្តទួរីសបើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារមេឃភ្លៀងមួយមេធំល្មម ហើយអ្នកបើកបរប្រហែលមើលផ្លូវមិនសូវឃើញ ម្យ៉ាងផ្លូវមានសភាពកោងផង ក៏បណ្តាលឲ្យបុកគ្នាតែម្តង។
នគរបាលបញ្ជាក់ថា អ្នករួមជិះលើរថយន្តទួរីស មានចំនួន១១នាក់ ទាំងតៃកុងរថយន្ត ក្នុងនោះស្រី០៤នាក់ ហើយបណ្ដាលឲ្យម្នាក់ស្លាប់ភ្លាមៗ និងរបួសធ្ងន់ស្រាល១០នាក់។ ដោយឡែកអ្នកបើកបររថយន្តហ្វុយហ្សូ បានចុះរត់គេចខ្លួនបាត់ ចំណែកអ្នកស្លាប់ និងអ្នករបួសធ្ងន់ ស្រាលត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត៕