(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះអនុវត្តដីការឹបអូសចលនវត្ថុ (យកដី) ពីកូនបំណុល ប៉ុន្តែការចុះអនុវត្តនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ កូនបំណុលរួមជាមួយសាច់ញាតិ និងពលរដ្ឋប្រឆាំងតវ៉ា រៀបចំដុតកង់ឡាន មិនឲ្យការរឹបអូសយកដីឡើយ ហើយសូមឲ្យម្ចាស់បំណុលកុំធ្វើបែបនេះ ដោយកូនបំណុលលើកឡើងថា ការខ្ចីប្រាក់គឺសងប្រាក់ មិនមែនមករឹបអូសយកដីនោះទេ។
លោក អ៊ុំ ទឹមញិល ដែលជាម្ចាស់ដីបាននិយាយថា លុយដែលជំពាក់នោះ គាត់មិនបានឃើញផង ហើយការដែលគាត់ឲ្យប្អូនបង្កើតទៅខ្ចី គឺមានចំនួន៣,០០០ដុល្លារ យកមកធ្វើតូបលក់ដូរនៅមុខផ្ទះ តែផ្ទុយទៅវិញ ប្អូនគាត់មិនបានយកទៅដាក់ធនាគារយកលុយនោះទេ បែរជាយកទៅដាក់ អ្នកចងការប្រាក់រហូតជិត៤០,០០០ដុល្លារ ហើយក៏យកលុយនោះរត់បាត់តែម្តង។
ក្នុងការចុះអនុវត្តនេះ មេធាវីខាងកូនបំណុល ក៏ដូចជាមេធាវីដើមបំណុល រួមជាមួយព្រះរាជអាជ្ញា កងកម្លាំងដែលចុះមកពីទីតាំងខាងលើ ក៏បានប៉ះពាក្យសម្តី ដោយមិនឲ្យអនុវត្តដោយបញ្ជាក់ថា ជំពាក់ប្រាក់ សងប្រាក់ មិនមែនមកយកដីនោះទេ។
ក្រោយការជជែករវាងភាគីទាំង២ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានចុះទៅដល់ទីតាំងខាងលើ ដែលស្ថិតតាមផ្លូវជាតិលេខ៦ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដោយធ្វើការសម្របសម្រួល និងស្នើសុំឲ្យភាគីម្ចាស់បំណុល លើកពេលដើម្បីរកវិធីដោះស្រាយគ្នាជាមួយភាគីកូន បំណុលនៅពេលក្រោយ។
បន្ទាប់ពីការជជែកគ្នារវាងភាគីទាំង២ និងចូលរួមពីលោក ឃ្លាំង ហួត ផងនោះលោកព្រះរាជរងអាជ្ញា ក៏បានសម្រេចដកកម្លាំងមិនអនុវត្ត ទុកពេលឲ្យភាគីទាំង២ជួបគ្នាម្តងទៀត៕