(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ប្រជាកសិករ ឲ្យមានរោងចក្រកែច្នៃម្រេចនៅក្នុងស្រុក សហគ្រិនវ័យក្មេងកម្ពុជា លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះរបស់កម្ពុជា Amru Rice បានបើកបានក្រុមហ៊ុនថ្មីមួយទៀត ឈ្មោះថាក្រុមហ៊ុន អម្រឹតរុងរឿង ដោយបោះទុនប្រមាណ៤០ម៉ឺនដុល្លារ បើករោងចក្រកែច្នៃម្រេចមួយកន្លែង នៅក្នុងខេត្តត្បូងឃ្មុំ ហើយគ្រោងបើកដំណើរការជាផ្លូវការ នាចុងឆ្នាំ២០១៧នេះ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អម្រឹត រុងរឿង បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា វត្តមានរបស់ក្រុមហ៊ុនអម្រឹតរុងរឿងនេះ គឺដើម្បីជួយបង្កើនជម្រើសទីផ្សារ ដល់កសិករហើយប្រសិនបើប្រជាកសិករមើលឃើញ ទីផ្សារប្រទេសវៀតណាមល្អជាងទីផ្សារក្នុងស្រុកនោះ ពួកគាត់នឹងលក់ទៅវៀតណាម។
លោកថា «ខ្ញុំបង្កើតជម្រើសទីផ្សារនៅសហគមអឺរ៉ុប, ប៉ែកខាងមជ្ឈឹមបូពា៍ និងប៉ែកខាងប្រទេសចិន។ ការបង្កើតជម្រើសនេះ នឹងជួយឲ្យប្រជាកសិករ ដើម្បីឲ្យពួកគាត់មានលទ្ធិភាព ពិនិត្យមើលទីផ្សារខាងណាល្អ គាត់លក់ទៅខាងនោះទៅ ហើយខ្ញុំសង្ឃឹមថា ប្រជាកសិករនឹងមានជម្រើសច្រើនជាង ការរំពឹងទៅលើទីផ្សារវៀតណាម និងបប្រទេសថៃ»។
លោកបានបញ្ជាក់ទៀតថា ជាទូទៅពិភពលោក ត្រូវការម្រេចជាងកន្លះលានតោន ហើយកម្ពុជាមិនទាន់មានកេរ្ដ៍ឈ្មោះ ក្នុងទំហំធំនោះឡើយ មានតែការនាំចេញ២-៣តោនដែលជាការនាំចេញជាផ្លូវការ ហើយរាប់ម៉ឺនតោនទៀត គឺជាការនាំចេញមិនផ្លូវការ មានដូចជាការនាំចេញទៅប្រទេសវៀតណាម, កម្ពុជាគួរតែនាំចេញជាផ្លូវការឲ្យបានច្រើន ដើម្បីកសាងកេរ្ដ៍ឈ្មោះឲ្យគេស្គាល់ច្រើន។
លោកបន្ដទៀតថា «ដើម្បីឆ្លើយតបចំពោះកសិករ ដែលបានអំពាវនាវឲ្យមានការទិញម្រេច យើងបានចូលខ្លួនមកនេះ ដើម្បីបំពេញចំណុចខ្វះខាតក្នុងវិស័យម្រេច។ ខ្ញុំចង់ជំរុញឲ្យមានការនាំចេញម្រេចនេះ ឲ្យបានច្រើន ដើម្បីខ្ពស់មុខ ខ្ពស់មាត់ដល់កម្ពុជា ដោយមានឈ្មោះថា ម្រេចខ្មែរ ក៏មាន អង្ករខ្មែរ ក៏មាន មួយវិញទៀតដោយសារតែខ្ញុំមានដៃគូរកស៊ីស្រូវ អង្ករដោយពួកគេក៏បានរកស៊ីម្រេចនេះផងដែរ»។
រោងចក្រកែច្នៃម្រេចនេះ នឹងគ្រោងបើកដំណើរការនាចុងឆ្នាំ២០១៧ខាងមុខនេះ ហើយម្រេចដែលទិញបាន នឹងយកទៅសម្អាតដីដែលប្រឡាក់នៅលើម្រេច សម្អាតគ្រួសថ្ម កំទិចកំទីផ្សេងៗដែលនៅលើម្រេច មួយវិញទៀត គឺសម្អាតទៅលើលោហៈធាតុទាំងឡាយណាដែលមាននៅក្នុងម្រេច រែងយកចុងម្រេចចេញ ដើម្បីវេចខ្ចប់ សម្រាប់ផ្គត់ផ្គង់ទៅរោងចក្រនៅសហគមអឺរ៉ុប។
លោកបន្តថា ក្នុងមួយថ្ងៃរោងចក្រកែច្នៃម្រេចនេះ អាចកែច្នៃម្រេចបានប្រមាណជាង៣០-៤០តោន ដោយមួយឆ្នាំផលិតបាន២-៣ពាន់តោន ប្រសិនបើរោងចក្រកែច្នៃនេះ មានការរីកចម្រើនខ្លាំង យើងគ្រោងនឹងពង្រីកសាខា ទៅតាមបណ្ដាខេត្តផ្សេងៗទៀត។
លោកបញ្ជាក់ទៀតថា «សម្រាប់ម្រេចដែលបានកែច្នៃរួចហើយ យើងនឹងនាំចេញទៅសហគមអឺរ៉ុប និងទៅមជ្ឈឹមបូពា៍ និងសម្លឹងទីផ្សារថ្មី គឺទីផ្សារចិន ព្រោះទីផ្សារចិនធំដូចទីផ្សារអង្ករដែរ។ គោដៅទីមួយនៃការនាំចេញ គឺសហគមអឺរ៉ុប ហើយខ្ញុំមានសង្ឃឹមច្រើន ក្នុងការបើកទីផ្សារសហគមអឺរ៉ុបសម្រាប់ម្រេចកម្ពុជា»៕