(តូក្យូ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើដល់កម្មសិក្សាការីនៅប្រទេសជប៉ុន ត្រូវរស់នៅ និងធ្វើការងារដោយគោរពច្បាប់របស់ប្រទេសជប៉ុន ត្រូវរក្សាបានសាមគ្គីភាព និងទំនាក់ទំនងល្អជាមួយគ្នា ពិសេសខិតខំរៀនបច្ចេកទេសវិជ្ជាជីវៈ ដើម្បីមានជំនាញ និងលទ្ធភាពប្រកបរបរដោយខ្លួនឯង ឬស្វែងរកការងារធ្វើប្រកបដោយភាពថ្លៃថ្នូរ និងប្រាក់កម្រៃខ្ពស់ ក្រោយពេលវិលត្រលប់មកប្រទេសកំណើតវិញ។
លោករដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងឱកាសជួបជាមួយកម្មសិក្សាការីខ្មែរ នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ នាអំឡុងពេលបេសកកម្មនៅប្រទេសជប៉ុន ជាមួយគណៈប្រតិភូក្រសួងការងារ មុនជួបជាមួយថ្នាក់ដឹកនាំក្រសួងការងារ នៃប្រទេសជប៉ុន ដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា និងធ្វើសហប្រតិបត្តការតាមប្រព័ន្ធច្បាប់ថ្មី ព្រមទាំងពិភាក្សាលើវិធានការពង្រឹង ការអនុវត្តលក្ខខណ្ឌការងារជូនកម្មសិក្សាការីខ្មែរ ឱ្យកាន់តែល្អប្រសើរជាងមុន។
លោករដ្ឋមន្រ្តីបានជម្រាប ពីសភាពការក្នុងប្រទេសកម្ពុជា កំពុងតែមានភាពល្អប្រសើរ ដោយកំពុងតែទទួលបាននូវសុខសន្តិភាព និងស្ថិរភាពពេញលេញ ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ប្រចាំឆ្នាំជាមធ្យម៧ភាគរយ ក្នុងនោះអត្រាអ្នកមានការងារ ធ្វើមានរហូតដល់៩៩.៣ភាគរយ ហើយមន្ត្រីរាជការទទួលបានប្រាក់ខែ យ៉ាងតិច៨០ម៉ឺនរៀន កម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៥៣ដុល្លារ ហើយកំពុងតែត្រូវបានដំឡើងជាបន្តបន្ទាប់ ក្រោមយន្តការត្រីភាគីរបស់រាជរដ្ឋាភិបាល ជាងនេះទៅទៀតក៏ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត រួមមាន របបសន្តិសុខសង្គម គ្រោះថ្នាក់ការងាររបបថែទាំសុខភាព និងរបបសោធននិវត្តន៍នៅពេលខាងមុខ។
រាជរដ្ឋាភិបាលក៏ទើបតែបានដាក់ចេញ នូវគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលមានចក្ខុវិស័យទៅលើការ បណ្តុះបណ្តាលមុខជំនាញ ឲ្យមានកម្រិតខ្ពស់ ទទួលបានផលិតភាពកាន់តែល្អ និងមានប្រាក់កម្រៃច្រើន។
គួរបញ្ជាក់ថា ការជ្រើសរើស និងបញ្ជូនកម្មសិក្សាការី ទៅប្រទេសជប៉ុនតាមប្រព័ន្ធថ្មីនេះ មានភាពសាមញ្ញជាងមុន ដែលមានការកាត់បន្ថយនីតិវិធីក្នុងការជ្រើសរើស ហើយកម្មសិក្សាការីអាចបម្រើការបានដោយមិនចាំបាច់មានបទពិសោធន៍ លើវិស័យដែលខ្លួននឹងត្រូវធ្វើ ដែលនេះបានបង្កឱកាស ជូនកម្មសិក្សាការីបានច្រើនជាងមុន និងប្រកបដោយតម្លាភាព និងសុវត្ថិភាព ចំណែកសុវត្ថិភាពការងារលក្ខខណ្ឌការងារ ហានិភ័យជាយថាហេតុផ្សេងៗ ក៏ត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយតាមច្បាប់ផងដែរ។
សូមជម្រាបថា បច្ចុប្បន្នមានកម្មសិក្សាការី/ពលករខ្មែរនៅក្រៅប្រទេសជាង ១លាននាក់ នៅប្រទេសជប៉ុនជិត ៥,០០០នាក់ និងនៅប្រទេសកូរ៉េជាង ៥ម៉ឺននាក់ ដែលក្នុងនោះមានអ្នកដែលមានគ្រួសារកូរ៉េប្រមាណ ១៥,០០០នាក់ ព្រមទាំងនៅប្រទេសនានាទៀត ដូចជា ថៃ ម៉ាឡេស៊ី និងសិង្ហបូរី ហើយកន្លងមកទទួលបានចំណូលមធ្យមប្រហែលជិត ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ជាងនេះទៅទៀត ពលករកម្ពុជាទទួលបានការបណ្ដុះបណ្ដាលជំនាញ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងទៀត ហើយពេលត្រលប់ទៅវិញ ពលករគឺជាធនធានមនុស្ស ដែលទាក់ទាញបំផុតចំពោះមិត្តភ័ក្ដិជប៉ុនទៅវិនិយោគនៅកម្ពុជា។ ទាំងនេះ គឺកើតចេញពីទំនាក់ទំនងការទូតល្អរវាងកម្ពុជា-ជប៉ុន ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍ៕