(ភ្នំពេញ)៖ បន្ទាប់ពីបានពិភាក្សា និងអនុម័តតាមរបៀបវារៈអស់ហើយ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព បានសម្រេចបិទសម័យប្រជុំ រដ្ឋសភាលើកទី៨ នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះទៅ ដោយ៣ខែក្រោយទើបដំណើរការប្រជុំវិញជាធម្មតា។
តាមការប្រកាសរបស់សម្តេច ហេង សំរិន គឺសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ ដែលមានរយៈពេល៣ខែ បានចាប់ផ្តើមពីថ្ងៃទី៧ ខែមេសា រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលសម្រេចបានលទ្ធផលដូចជា អនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងរាជរដ្ឋាភិបាល និងបានអនុម័តសេចក្តីស្នើច្បាប់បានចំនួន៣ ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តហត្ថលេខី។
សេចក្ដីព្រាងច្បាប់ចំនួន៣ ដែលបានអនុម័តនោះរួមមាន ទី១៖សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូរទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យ ក្រុមហ៊ុន ខេមបូឌានអេរនីជីII ឯ.ក, ទី២៖សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជឲ្យ ក្រុមហ៊ុន អាឡិច ខបភើរេសិន និងទី៣៖សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ។
ដោយឡែកចំពោះសេចក្ដីស្នើច្បាប់ចំនួន៣ ដែលបានអនុម័តនោះ ទី១៖ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ, ទី២៖សេចក្ដីស្នើច្បាប់ស្ដីពីការធ្វើវិសោធនកម្ម ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងទី៣៖សេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ។
សូមជម្រាបថា បន្ទាប់ពីសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសបិទសម័យប្រជុំនេះ សមាជិករដ្ឋសភានឹងសម្រាកវ៉ាកង ៣ខែ ទើបដំណើរការប្រជុំឡើងវិញ៕