(ភ្នំពេញ)៖ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យថ្នាក់ដឹកនាំ និស្សិត និងសិស្សានុសិស្សទាំងអស់នៃក្រសួងអប់រំ សូមសម្តែងនូវការសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែល «ប្រាសាទសំបូរព្រៃគុក» ត្រូវបានគណៈកម្មាបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤១ ទីក្រុង Krokow ប្រទេសប៉ូឡូញ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ នេះបើយោងតាមលិខិតអបអរសាទររបស់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោកបណ្ឌិត ហង់ ជួនណារ៉ុន បានបញ្ជាក់នៅក្នុងលិខិតដដែលនោះថា «ការសម្រេចរបស់គណៈកម្មការបេតិភណ្ឌនៃអង្គការយូណេស្កូនេះ គឺជាមោទនភាពដ៏ធំធេង ថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែល«ប្រាសាទសំបូរព្រៃគុក» ត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ថា ជាកំពូលស្នាដៃ ដ៏មហស្ចារ្យ នៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃសកល ដ៏ចំណាន ហើយត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក។ សមិទ្ធផលទាំងនេះ ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»។
គួរបញ្ជាក់ថា ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ កំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងកាលពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) នាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ៕