(ភ្នំពេញ)៖ តាមរបាយការណ៍ផ្លូវការ របស់ក្រសួងទេសចរណ៍ ដែលបង្ហាញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជាក់ថា នៅរយៈពេល៥ខែ ដើមឆ្នាំ២០១៧ មានទេសចរកម្ពុជាចេញទៅទស្សនាក្រៅប្រទេសចំនួន៧០០,០២៧នាក់ កើនឡើង១៨.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦។

ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការរីកចម្រើនលើគ្រប់វិស័យ ខណៈកំណើនសេដ្ឋកិច្ចជាតិសម្រេចបាន៧ភាគរយ ក្នុងឆ្នាំ២០១៦ ដែលនេះស្ដែងបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាកាន់តែមានជីវភាពធូរធាជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ នាំឲ្យកំណើនមនុស្សដើរទេសចរណ៍ ក៏មានការកើនឡើងច្រើនផងដែរ។

របាយការណ៍បូកសរុបលទ្ធផលការងារទេសចរណ៍ ឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆមាសទី២ បានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនាប្រទេសកម្ពុជា រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ មានចំនួន២,២៨៤,៦៣០នាក់ កើនឡើង ១២.៥ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៦។

សូមជម្រាបថា កាលពីឆ្នាំ២០១៦ កន្លងទៅ មានភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរទៅទស្សនាកម្សាន្តនៅក្រៅប្រទេសចំនួន១,៤៣៤,០៣០នាក់ ខណៈប្រទេសកម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៥,០១១,៧១២នាក់ កើនឡើង៥ភាគរយ៕