(បាត់ដំបង)៖ ក្រុមហ៊ុនប្រមូលសំរាមឯកជន នៅផ្សារស្រុកមោងឬស្សី ខេត្តបាត់ដំបង បានរងការរិះគន់ពីអាជីវករលក់ដូរក្នុងផ្សារទាំងអស់ថា ពួកគាត់បានបង់លុយ គ្រប់ចំនួនមិនដែលខានទេ តែសម្រាមជិត៣ខែ ហើយតាំងពីមុនបោះឆ្នោតរហូតដល់បច្ចុប្បន្ននេះ ដោយចាក់គរទុកចោលស្អុយរលួយ នៅមាត់ស្ទឹងជិតរបងមន្ទីរពេទ្យបង្អែក ស្រុកមោងឬស្សី និងនៅពីក្រោយផ្សារកន្លែងលក់ត្រី មិនឃើញមានអ្នកណាមកប្រមូលដឹកយកទៅចោលទេ។
ក្រុមអាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh news នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ថាក្រុមហ៊ុនមក ប្រមូលលុយថ្លៃប្រមូលសំរាម មិនដែលលើសថ្ងៃទេ គឺបង់ឲ្យគ្រប់ចំនួនរី ឯសំរាមវិញគ្មានអ្នកណាមកប្រមូលទេ គឺទុកគរចោលចំនួន២កន្លែង ស្អុយពេញភូមិកន្លែងគរសំរាមទុកទី១៖ គឺនៅផ្នែកខាងក្រោយផ្សារ និងកន្លែងទី២៖ សំរាមគរទុកចោលជិតមាត់ស្ទឹងមោង ជាប់របងមន្ទីរ ពេទ្យបង្អែកស្រុកមោងឬស្សី ពេលភ្ញៀវជាតិ និងអន្តរជាតិណាជិះតាមផ្លូវហ្នឹងប្រាកដ ធុំក្លិនស្អុយយ៉ាងខ្លាំងដែលជាហេតុធ្វើ ឲ្យមានមេរោគប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានផងដែរ។
ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើបាននាំគ្នាធ្វើការសំណូមពរ ដល់អាជ្ញាធរស្រុកមោងឬស្សី និងអ្នកបាក់ព័ន្ធមេត្តាជួយពន្លឿនរឿងនេះ ឲ្យបានឆាប់បំផុត ព្រោះពេលនេះ ជារដូវភ្លៀងផងសំរាមទុកចោលយូរធុំក្លិនស្អុយខ្លាំងណាស់មិនអាចទ្រាំបានទេវាធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នករស់នៅជិតកន្លែងគរសំរាម ជាពិសេសក្មេងៗ។
ពាក់ព័ន្ធទៅនឹងករណីនេះអង្គភាព Fresh News ពុំអាចទំនាក់ទំនងសុំការបំភ្លឺពីភាគីក្រុមហ៊ុនប្រមូលសំរាម ហើយក៏មិនទាន់ទទួលបាន វិធានការណ៍ជាក់លាក់ណាមួយពីលោកអភិបាលស្រុកឬស្សីឡើយ ពីព្រោះទូរស័ព្ទមិនអាចទាក់ទងបាន៕