(ភ្នំពេញ)៖ មន្រ្តីយោធាថ្នាក់ឧត្តមសេនីយ៍ត្រីម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតា កាមរីស៊េរីឆ្នាំ១៩៨៩ មួយគ្រឿង ក្នុងល្បឿនលឿន ហើយមិនដឹងថាគាត់
ងងុយដេក ឬបែបណានោះឡើយ ស្រាប់តែរេចង្កូតជ្រុល ទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវមួយកន្លែង ក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលឲ្យរងរបួសបែកក្បាលយ៉ាងដំណំ ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ ចាន់ សុផល អាយុប្រហែលជាង៥០ឆ្នាំ មានឋានន្តរស័ក្ដិជាឧត្តមសេនីយ៍ត្រី ប៉ុន្តែមិនបានដឹងថាគាត់នៅអង្គភាពណាទេ ហើយពេលជួបគ្រោះថ្នាក់នោះ គាត់បានស្ថិតនៅក្នុងឯកសណ្ឋានយោធាតែម្ដង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ នាយទាហានរូបនោះ បានបើកបររថយន្ត១គ្រឿង ម៉ាកតូយ៉ូតាកាមរីស៊េរីឆ្នាំ១៩៨៩ ពណ៌ឈាមជ្រូកពាក់ស្លាកលេខ ច-១៤០០ ភព២ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ មិនដឹងថាគាត់ងងុយដេកឬបែបណាទេ ទើបជ្រុលចង្កូតឡើងទៅលើឃឿនសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើរងរបួសធ្ងន់តែម្ដង។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់ ចំណែករថយន្តត្រូវនគរបាលស្ទូចឡើង និងយកចេញពីកន្លែងកើតហេតុនោះផងដែរ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍៕