(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបានប្រាប់ភ្នាក់ងារ Fresh News នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ករណីពុលដំឡូងមីស្ងោនៅពេលនេះ ជនរងគ្រោះបានកើនឡើងដល់០៩នាក់ ក្នុងនោះមានកុមារីម្នាក់បានស្លាប់ ខណៈ៨នាក់ផ្សេងទៀតកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ។
លោក ស ថាវី បានពន្យល់ថា បញ្ហាពុលដំឡូងមីនេះ ដើមហេតុមកពីពលរដ្ឋឈ្មោះ ម៉ាក យ៉ាប ភេទស្រី អាយុ៣៦ឆ្នាំ បានទៅដកដំឡូងមី យកមកស្ងោហូបនៅផ្ទះឈ្មោះ ចេន ឈិន ភេទស្រី អាយុ ៥៦ឆ្នាំ អ្នកចូលរួមហូបមានចំនួន១១នាក់ នៅម៉ោង១០៖០០យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិអូរតាមែងឃុំ-ស្រុកអន្លង់វែង។
លោកបន្តថា បន្ទាប់ពីមានអាការៈពុលនោះ ជនរងគ្រោះចំនួន៥នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែងទាំងយប់ ប៉ុន្តែជាអកុសល កុមារីឈ្មោះ លី លាង ភេទស្រី អាយុ១ឆ្នាំបានស្លាប់ ខណៈ៤នាក់ផ្សេងទៀតរួមមាន ១៖ ឈ្មោះ នាង លីហ៊ាន ភេទប្រុស អាយុ១១ឆ្នាំ, ទី២៖ ឈ្មោះ នាង សុខហ័រ ភេទស្រី អាយុ៩ឆ្នាំ, ទី៣៖ ឈ្មោះ តាន់ ស៊ាវម៉ី ភេទស្រី អាយុ១៦ឆ្នាំ និងទី៤៖ ឈ្មោះ ជិន ដាវុធ ភេទប្រុស អាយុ១០ខែ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យក្នុងអាការៈខ្លះធ្ងន់ធ្ងរ ខ្លះធូរស្រាល។
លោកបញ្ជាក់ថា លុះព្រឹកថ្ងៃទី១០ ខែកក្កដានេះ មានពលរដ្ឋចំនួន៤នាក់ផ្សេងទៀត រស់នៅភូមិឃុំខាងលើដែរ ក៏ពុលដំឡូងមី១ផងដែរ ក្នុងនោះរួមមានទី១៖ ឈ្មោះ តាន់ ដាវីត ភេទប្រុស អាយុ១០ឆ្នាំ, ទី២៖ ឈ្មោះ សេវ ចិន្ដា ភេទស្រី អាយុ២ឆ្នាំ, ទី៣៖ ឈ្មោះ ម៉ាក ជ្រើន ភេទស្រី អាយុ២៦ឆ្នាំ, ទី៤៖ ឈ្មោះ តាន់ សៀវម៉ិញ ភេទស្រី អាយុ១៣ឆ្នាំ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ដែលមានអ្នកខ្លះធ្ងន់ធ្ងរ និងខ្លះធូរស្រាល។
បច្ចុប្បន្ននេះអាជ្ញាធរខេត្តឧត្តរមានជ័យ សមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើង ជួយសង្គ្រោះបន្ទាន់ ចំពោះបញ្ហាខាងលើនេះ ហើយអាជ្ញាធរបាននាំយកគ្រឿងអាហារបរិភោគ ថវិកាមួយចំនួនជួយសង្គ្រោះបឋម៕