(បន្ទាយមានជ័យ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន ក្នុងស្រុកម៉ាឡៃ បានចុះដកហូតទំនិញ ផលិតផលខូចគុណភាពមួយចំនួន ដែលសុទ្ធតែនាំចូលពីប្រទេសថៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។ នេះបើតាមលោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ ខេត្តបន្ទាយមានជ័យ។
លោក ហុង លៀង បានបញ្ជាក់ថា ការចុះទប់ស្កាត់ទំនិញខូចគុណភាពនេះ គឺដឹកនាំដោយលោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ ដែលបានចុះត្រួតពិនិត្យផ្ទាល់តាមមាត់ច្រកម៉ាឡៃ តាមផ្ទះ និងក្នុងផ្សារម៉ាឡៃ។
លោកបានបញ្ជាក់ថា ទំនិញខូចគុណភាពដែលកម្លាំងសមត្ថកិច្ចដកហូតបាន រួមមាន៖ ទឹកក្រូច ៦៥ដប, ទឹកផ្លែឈើ ៦៦ដប, សរសៃគុយទាវ ១២កញ្ចប់, ទឹកស៊ីអ៊ីវ ៥ដប, ទឹកសៀវ ៤ដប, ដំណាប់កន្ទួត ៨គីឡូក្រាម, កម្ទេចមី ៤គីឡូក្រាម, ម្សៅស៊ុប ២គីឡូក្រាម, ទឹកដោះគោឆៅ ២.១៦លីត, ឡេលាបស្បែក ១២កំប៉ុង និងអាស៊ីតអាសេទិច ៦ដប។
ជាមួយគ្នានេះ ក្រុមការងារក៏បានអប់រំណែនាំដល់អាជីវករទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់អតិថិជន ដាច់ខាតមិនត្រូវដាក់តាំងលក់ទំនិញ ផលិតផលដែលហួសកាលបរិច្ឆេទប្រើប្រាស់ ឬខូចគុណភាពឡើយ ហើយក៏បានជម្រាបដល់ប្រជាពលរដ្ឋថា មុននឹងទិញទំនិញផលិតផលណាមួយ យកទៅប្រើប្រាស់ ឬបរិភោគ ចាំបាច់ត្រូវពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ជាមុនសិន៕