(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ អគ្គនាយករដូវកាលទី៥ របស់ខ្លួន នៅទីលានបាល់ទាត់ Central Park Sports Complex (បឹងកក់) កាលពិពេលថ្មីៗនេះ។ ព្រឹត្តិការណ៍នេះ មានក្រុមកីឡាបាល់ទាត់ចំនួន០៧ក្រុម ដែលមានកីឡាករទាំងអស់សុទ្ធសឹង ជាបុគ្គលិកអម្រឹតប្រចាំស្នាក់ការកណ្តាល ប្រមាណ១២៩នាក់ បានត្រៀមចូលរួមការប្រកួត ក្នុងរដូវកាលទី៥នេះ។
នៅថ្ងៃបើកកម្មវីធី មានជាការប្រកួតរវាងក្រុម Amret + និងក្រុម Family + ជាការប្រកួតជា កល្ខណៈមិត្តភាព ដើម្បីអបអរការបើក កម្មវិធីប្រកួតពានរង្វាន់បាល់ទាត់ អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត រដូវកាលទី៥។
លោក ដុស ឌីន អគ្គនាយករង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានថ្លែងឲ្យដឹងថា ការបង្កើតកម្មវិធីពានរង្វាន់បាល់ទាត់នេះឡើង (ការប្រកួតរវាងបុគ្គលិក និងបុគ្គលិកអម្រឹត) ក្នុងគោលបំណង ចង់ឲ្យបុគ្គលិករបស់ទាំងអស់រឹតបន្តឹង ចំណងមិត្តភាពឲ្យកាន់តែល្អប្រសើរ សាមគ្គីគ្នាជាធ្លុងមួយ និងខិតខំប្រឹងប្រែងធ្វើការ ដើម្បីភាពរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ អម្រឹត ចង់ចូលរួមចំណែកក្នុងការលើកកម្ពស់ វិស័យកីឡានៅកម្ពុជា ក្រោមពាក្យស្លោកមួយឃ្លាថា «កីឡានាំមកនូវសុខភាពល្អ»។
សូមបញ្ជាក់ថា មុននិងក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុងឆ្នាំ២០០៤ ស្ថាប័នមួយនេះបានចាប់ផ្តើមប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុ តាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ អម្រឹត ទទួលបានអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យ ទទួលប្រាក់បញ្ញើពីអតិថិជនឆ្នាំ២០០៩ ។ គិតត្រឹមខែឧសភា ឆ្នាំ២០១៧ អម្រឹត មានសមតុល្យប្រាក់បញ្ញើសរុបប្រមាណ ៣១៣ លានដុល្លារអាមេរិក និងបានផ្តល់ប្រាក់កម្ចីសរុបប្រមាណ ៦២៣ លានដុល្លារអាមេរិក ដល់អតិថិជនរបស់ខ្លួន ទូទាំង២៥ ខេត្ត/ក្រុង រាជធានី។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានស្នាក់ការកណ្តាលនៅក្នុងរាជធានីភ្នំពេញ និងកំពុងផ្តល់ការងារដល់បុគ្គលិកជាង ៤,១០៥នាក់ ដែលបម្រើការនៅក្នុងសាខាចំនួន ១៤៩កន្លែង នៅទូទាំងប្រទេសកម្ពុជា៕