Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បន្តយុទ្ធនាការចុះត្រួតពិនិត្យសាច់ បន្លែ ផ្លែឈើ និងប្រហិតនៅផ្សារឈូកមាស លទ្ធផលរកឃើញទំនិញមួយចំនួនមានជាតិគីមី

10-07-2017 14:43

(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ឆាយ ថូនី អនុប្រធានសាខាទទួល​ការិយាល័យ​​ប្រមូលចំណូល និងទីផ្សារ បានសហការជាមន្ត្រីនសយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះ​ត្រួតពិនិត្យផលិតផលចំណីអាហារ សាច់ បន្លែ ផ្លែឈើ ប្រហិត ស្ថិតនៅក្នុងផ្សារឈូកមាស សង្កាត់ក្រាំង ខណ្ឌសែនសុខ។

លោក ឆាយ ថូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផល ចំណីអាហាររួមមាន សាច់គោ សាច់ក្រក ប្រហិត ផ្លែឈើគ្រប់ប្រភេទ ហើយបានយកគំរូ មកធ្វើការវិភាគនៅបន្ទប់ពិសោធន៍ចល័ត តាមរថយន្តចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាលទ្ឋផល រកឃើញសារធាតុម្សៅស (Sodium Hydrosufite) ដាក់ជាមួយស្លឹកគ្រឹហាន់រួចចំនួន២គីឡូក្រាម ហើយបានធ្វើការដកហូត និងបានណែនាំបញ្ឈប់ការប្រើម្សៅសនេះតទៅទៀត។

លោកអនុប្រធាន បានណែនាំដល់អ្នក់លក់ និងអ្នកទិញត្រូវដឹងពីអត្តសញ្ញាណ ប្រភពអាសយដ្ឋានរបស់អ្នកដែល យកមកលក់​ឲ្យខ្លួន ឬវិក្កយបត្រ ទូទាត់ឲ្យបានត្រឹមត្រូវ ជាព័ត៌មាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សមត្ថកិច្ចកាំកុងត្រូល​ក្នុងការចុះ​ស្រាវជ្រាវ និងតាមដាន ដើម្បីមានវិធានការ ទៅតាមច្បាប់ ចំពោះអ្នកលក់ ឬអ្នកចែកចាយផលិតផលនេះ។

ក្នុងពេលចុះត្រួតពិនិត្យគុណភាពទំនិញនោះលោក ឆាយ ថូនី លោកបានអប់រំ និងអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួង​ពាណិជ្ជកម្ម​​សាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យ មើលទំនិញដែលដាក់តាំង​លក់តាមទីផ្សារ ដើម្បីចូលរួមចំណែក លើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕