(កណ្ដាល)៖ នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលទូទាំងខេត្តកណ្ដាល ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត រៀបចំការ​អបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។

​ការ​អបអរសាទរ​ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃកម្ពុជា បានធ្វើការណែនាំដល់មន្រ្តីគ្រប់ លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់រួមគ្នា រៀបចំពិធី អបអរសាទរ​ បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង រហូតដល់តាមភូមិ នៅវេលាម៉ោង១០៖០០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។

នៅសារលិខិតផ្ញើជូនជនរួមជាតិទាំងអស់ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញរាជធានី-ខេត្ត គ្រប់ក្រុង-ស្រុក-ខ័ណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងសូមអំពាវនាវ ដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាននៅម៉ោង១០ព្រឹក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង-ស្ថាប័ន និងអង្គភាពគ្រប់សាលារាជធានីខេត្ត គ្រប់សាលាក្រុង-ស្រុក-ខ័ណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឲ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ»

គួរបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ កំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើង កាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) នាយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕