(ភ្នំពេញ)៖ កម្លាំងនគរបាលអន្តរាគមន៍ពិសេស របស់អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទល្មើស បង្ក្រាបបានជនសង្ស័យម្នាក់ដែលកំពុងចរាចរណ៍ ចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានដោយដកបានថ្នាំចំនួន៨កញ្ចប់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០១៧ ចំណុចផ្លូវលំភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បញ្ញា ហេង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បើតាមមន្ត្រីនគរបាលបានបញ្ជាក់ថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បានជិះម៉ូតូល្បាត ក្នុងភូមិសាស្រ្ដ ដើម្បីទប់ស្កាត់បទល្មើសកុំឲ្យកើតមានឡើង។

មន្ត្រីនគរបាលដដែល បានបន្ថែមទៀតថា លុះដល់ម៉ោងកើតហេតុ ឃើញជនសង្ស័យកំពុងឈរជាមួយមនុស្សស្រីម្នាក់ ខណៈពេលនោះកម្លាំងមានការសង្ស័យ ក៏ឈប់ចុះដើម្បីសាកសួរ បានឃាត់ខ្លួន និងឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៨កញ្ចប់ ថង់តូច។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕