(ប៉េកាំង)៖ ក្រោយទទួលព័ត៌មានថា តំបន់ប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការរួចមក សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមអបអរសាទរយ៉ាងខ្លាំងជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមទាំងបាន ទូងស្គរអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះផងដែរ។
លោក អ៊ុំ វុទ្ធទី ប្រធានសមាគមនិស្សិតកម្ពុជានៅប្រទេសចិន បានលើកឡើងថា នេះជាមោទនភាពជាតិថ្មីមួយទៀត សម្រាប់ប្រជាជន និងប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ក្រុមនិស្សិតកម្ពុជាទាំងអស់ ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្រោយទទួលបានព័ត៌មាននេះហើយ មានការរីករាយយ៉ាងខ្លាំង និងកាន់តែជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ខណៈប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយសុខសន្តិភាព និងស្ថិរភាព។
សូមជម្រាបថា ប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ របស់ខ្លួន នៅទីក្រុងក្រាខូវ ប្រទេសប៉ូឡូញ។
ប្រាសាទសំបូរព្រៃគុក ជារាជធានីបុរាណមួយរបស់ខ្មែរ នាសម័យចេនឡា មានឈ្មោះថា «ឥសានបុរៈ» កសាងឡើងក្នុងរជ្ជកាល ព្រះបាទឥសានវរ្ម័នទី១ នាអំឡុងឆ្នាំ៦១៦-៦៣៥ នៃគ្រិស្តសករាជ។ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តនេះ ស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចម្ងាយ៣៧គីឡូម៉ែត ពីទីរួមខេត្តកំពង់ធំ ដែលសង់លើដីរាបស្មើមានទំហំប្រមាណ ៣,០០០ហិកតា៕