(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ មានចំនួនសរុប ១០៣,១១២នាក់ ដែលមានការកើនឡើងជាងឆ្នាំមុន ប្រមាណជាង ៩ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៦។
ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានធ្វើឡើងនៅក្នុង សន្មិសីទសារព័ត៌មាន ស្ដីពី ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា «ឆ្នាំនេះ គឺជាឆ្នាំទី៤ នៃការធ្វើកំណែទម្រង់ ក្នុងវិស័យអប់រំ យុវជន និងកីឡា ហើយក៏ជាឆ្នាំទី៤ ដែលយើងរៀបចំ នូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមការធ្វើកំណែទម្រង់ប្រឡងនេះ»។ លោកបន្តថា «នៅក្នុងឆ្នាំនេះ នឹងមានបេក្ខជនទាំងអស់ចំនួន ១សែន ៣ពាន់នាក់ ចូលរួមនៅក្នុងការប្រឡង ហើយយើងសង្កេតឃើញថា មានកំណើន បេក្ខជនប្រមាណជាង ៩ពាន់នាក់»។
បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ, ចំពោះមណ្ឌលប្រឡងវិញ មានចំនួន១៧៨ មានការកើនឡើង ចំនួន២១មណ្ឌល បន្ទប់ប្រឡងមានចំនួន៤១៥៥បន្ទប់ កើនឡើងប្រមាណជាង៣៧៣បន្ទប់។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ កន្លងទៅនេះ មានបេក្ខជនប្រឡងសរុប ៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។ ដោយឡែក ការប្រឡងនៅឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ហើយលទ្ធផលនឹងត្រូវប្រកាសនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕