(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចដំឡើងពិន្ទុថែមទៀត សម្រាប់ការប្រឡងបាក់ឌុប។ សម្រាប់ការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នេះ បេក្ខជន ត្រូវរកពិន្ទុឱ្យបានទាបបំផុត ២៣៧ពិន្ទុទើបអាចជាប់បាន ដែលចំនួននេះ បានកើនឡើង១៣ពិន្ទុ បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹម២២៤ពិន្ទុ។ នេះបើតាម លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ការបញ្ជាក់បែបនេះរបស់ លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក ហង់ ជួនណារ៉ុន បានថ្លែងយ៉ាងដូច្នោះថា «ជារួមពិន្ទុអតិបរិមា មានចំនួន៥០០ពិន្ទុ...ពិន្ទុដែលអាចជាប់ គឺមានចំនួនស្នើនឹង ២៣៧ពិន្ទុ និងមានបែងចែកទៅតាម៥កំរិត និទ្ទេសគឺ A ល្អប្រសើរ ៩០%នៃពិន្ទុ, Bល្អណាស់ គឺ៨០% នៃពិន្ទុ, Cល្អ ៧០% នៃពិន្ទុ, Dល្អបង្គួរ ៦០% នៃពិន្ទុ និងEមធ្យម គឺ៥០% នៃពិន្ទុ»។

លោកបានបញ្ជាក់ថា ក្រសួងនៅតែបន្តរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះ ទៅតាមគោលការណ៍ ដែលយើងបានកំណត់ នៅក្នុងឆ្នាំចាស់ ពីឆ្នាំ២០១៤ កន្លងទៅ គឺការប្រឡងនេះ និងអនុវត្តទៅតាមគោលការណ៍ ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ លោកបន្តថា «យើងនៅតែបន្តអនុវត្តបទបញ្ញាតិ សម្រាប់បេក្ខជន ដែលត្រូវមកប្រឡង»។

លោកបន្ថែមទៀតថា បេក្ខជនត្រូវតែមកដល់មណ្ឌលប្រឡង ឲ្យបានមុនដំណើរការប្រឡង ត្រូវស្លៀកសំលៀកបំពាក់ ជានិស្សិត និងនាំមកនូវអត្តសញ្ញាបត្រ នៅក្នុងបន្ទប់ប្រឡង
ហើយសម្រាប់ឧបករណ៍ប្រើប្រាស់ ប្រើប្រាស់បានតែឧបករណ៍ណា ដែលក្រសួងបានអនុញ្ញាតតែប៉ុណ្ណោះ។  លោករដ្ឋមន្ត្រី បានបន្តថា បេក្ខជនមិនអាចនាំមកចូលនៅក្នុងបន្ទប់ ប្រឡងនូវសំណៅឯកសាររឺមួយ ក៏ឧបករណ៍ អេឡិចត្រូទិច ទូរស័ព្ទដៃនោះទេ។ ប្រសិនជាមានការរំលោភបំពាន ទៅលើបទបញ្ញាតិនេះ បេក្ខជន នឹងត្រូវធ្លាក់ឲ្យស្វ័យប្រវិត្ត និងត្រូវទទួលទោសទៅតាមច្បាប់ជាធរមាន។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕