(បាត់ដំបង)៖ សាកសពមនុស្សប្រុសចំនួន២នាក់ ត្រូវបានគេប្រទះឃើញ បង្កឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែលករណីប្រទះឃើញនេះ​ គឺនៅវេលា​ម៉ោង៧​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិត​ត្រង់​ចំណុច​ក្បាល​អាង​សំរោង ក្នុងភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។

តាមសេចក្តីរាយការណ៍​បានឲ្យដឹងថា ជន​រង​គ្រោះ​ទាំង​២​នាក់​ ត្រូវ​បានគេស្គាល់ ​និង​ដឹង​ថាម្នាក់​​ឈ្មោះ ​ហួត ឈឿ​ង អាយុ ​៤៥​ឆ្នាំ ជា​អ្នក​គួ​ក​ជេរ​ម៉ូតូ និង​ម្នាក់​ទៀតឈ្មោះ​រិ​ទ្ធ ​​បានជិះ​ម៉ូតូ​ឌុបគ្នា​​​មក​ពីមើល​ម៉ូតូ​គេលក់ ​នៅ​កន្លែង​កើតហេតុ​ខាងលើ​​។ ជនរងគ្រោះទាំង​២​នាក់ ​មាន​ទី​លំ​នៅ​ក្នុងភូមិ​ជី​នាង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល។

ចំពោះ​មូលហេតុ ត្រូវសមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ជា​ករណី​ប្លន់​យកម៉ូតូ ព្រោះនៅមុនពេលកើតហេតុ គេ​បានឮ​ស្នូរ​សំឡេងគ្រាប់​កាំភ្លើង​​ផ្ទុះ ក្រោយមក​មាន​ពលរដ្ឋ​បាន​ដើរទៅ​ក្បែរ​កន្លែង​សំឡេង​ផ្ទុះ​នោះ ក៏​ប្រទះ​ឃើញ​សាកសព​ទាំង​២​នាក់​ និងបាន​បាត់​ម៉ូតូ​​​ទៀតផង​។

ទោះជា​យ៉ាងណា គិត​មក​ដល់​ត្រឹម​១០៖​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ព្រោះ​​​ឃើញ​មាន​ស្នាម​គ្រាប់​កាំភ្លើង នៅលើសាកសព​ ដោយ​កំពុង​បើក​ការ​ស្រាវជ្រាវ​ដើម្បី​កំណត់​ថា ជា​ករណី​អ្វី​ពិត​ប្រាកដ។ បើមានព័ត៌មានលំអិត fresh News នឹងធ្វើការផ្សាយជូនជាបន្តទៀត៕