(ភ្នំពេញ)៖ ម្ចាស់ផលិតកម្ម H2O (អេចធូអូ) លោក យិន សុខហេង បានសម្រេចចិត្តផ្សាភ្ជាប់ខ្លួនទៅនឹងព្រះធម៌ ដោយបានសាងផ្នូសកាលពីពេលថ្មី២នេះ រយៈពេល៣ខែ ដើម្បីជាការតបស្នងសងគុណឪពុក-ម្ដាយ និងបំពេញនូវបុណ្យកុសលរបស់ខ្លួន ខណៈដែលការងារសិល្បៈទាក់ទងនឹងការផលិតកុន ត្រូវបានពន្យារហូតដល់លោក លាចាកសិក្ខាបទវិញ ទើបបន្តផលិតភាពយន្ត បន្ថែមទៀត។
ក្នុងនាមជាព្រះសង្ឃ ព្រះតេជគុណ យិន សុខហេង មានសង្ឃដីកាប្រាប់ Fresh News ថា ព្រះអង្គសម្រេចចិត្តបួសនេះ គ្មានមូលផ្សេងក្រៅពីបួស ដើម្បីសងគុណឪពុក-ម្ដាយឡើយ ប៉ុន្តែប្រសិនបើមានឧបនិស្ស័យ ទៅលើព្រះពុទ្ធសាសនា លើព្រះធម៌ ព្រះអង្គនឹងបន្តសាងផ្នួសនេះ រហូតដល់១ឆ្នាំ ឬ៣ឆ្នាំ ដោយមិនកំណត់ពេល លាចាកសិក្ខាបទ។
ព្រះតេជគុណ យិន សុខហេង មានសង្ឃដីកាថា «អាត្មាបួសនេះតែ៣ខែទេ ដើម្បីសងគុណញោមស្រី តែបើមានឧបនិស្ស័យខ្លាំង លើព្រះពុទ្ធសាសនា អាត្មានឹងបន្តឲ្យបានវែងជាងនេះ។ ប៉ុន្តែអាត្មានៅតែស្រឡាញ់ការងារសិល្បៈ មិនអាចចោលបានឡើយ ហើយពេលលាចាកសិក្ខាបទវិញ អាត្មានឹងចាប់ដៃជាមួយផលិតកម្ម BKS ផលិតរឿងថ្មីមួយ ដែលមានគុណភាពល្អ សម្រិតសម្រាំងខ្លាំងជាងមុន ដើម្បីប្រកួតប្រជែងលើទីផ្សារភាពយន្ត..!»។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីបានឃើញ លោក យិន សុខហេង ដែលត្រូវជាបងធម៌ លោក ឈុន សុវណ្ណភក្ដី ចាងហ្វាងផលិតកម្ម BKS គ្រងស្បង់ចីពរ មានមហាជនជាច្រើន សម្ដែងការភ្ញែកផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗ ស្រាប់តែឃើញចាងហ្វាងផលិតម្ម H2O ម្នាក់នេះ ទៅសាងផ្នួសជាព្រះសង្ឃទៅវិញ ដោយមិនបានដឹងពីមូលហេតុ។
ជុំវិញរឿងរាវមួយនេះ និងដើម្បីឲ្យមហាជនជ្រាប់កាន់តែច្បាស់ លោក ឈុន សុវណ្ណភក្ដី បានថ្លែងប្រាប់គេហទំព័រកំសាន្ដ Fresh News ថា «បងប្រុសធម៌របស់ខ្ញុំ គឺលោក យិន សុខហេង បួសដើម្បីសងគុណឪពុក-ម្ដាយរយៈពេល៣ខែ ក្រោយពីរូបគាត់ប្រឡងពេទ្យ (ទន្តបណ្ឌិត)ចប់។ កាលពីពេលថ្មីៗនេះ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីឃើញបងប្រុសធម៌ធ្វើនូវទង្វើដែលល្អ ចំពោះអ្នកមានគុណ»។
លោក ឈុន សុវណ្ណភក្តី បន្ថែមថា «ខ្ញុំ និងបងប្រុសធម៌បានសន្យាគ្នាថា ពេលគាត់សាងផ្នួសរួចហើយ គាត់នឹងវិលត្រឡប់មកចូលសិល្បៈ ហើយផលិតខ្សែភាពយន្តខ្នាតធំមួយរួមគ្នាជាមួយ និងខ្ញុំ»។
គួរបញ្ជាក់ថា លោក យិន សុខហេង មិនត្រឹមតែមានមុខរបរជា ចាងហ្វាងផលិតកម្មនោះទេ គឺលោកថែមទាំងចេះជំនាញវិជ្ជាពេទ្យ (ពេទ្យធ្មេញ)ទៀតផង ដោយក្នុងនោះបន្ទាប់ពីបានសាងផ្នួសរយៈ៣ខែរួចហើយ លោកនឹងចាប់អាជីពទាំងពេទ្យ និងផលិតខ្សែភាពយន្ដជាថ្មីម្ដងទៀត៕