(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីរាជការក្នុងក្រសួងទាំងអស់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧ បានរៀបចំពិធី វាយគង ទូងស្គរ ដើម្បីចូលរួមអបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ដែល «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ពិធីអបអរសាទរនេះបានរៀបចំធ្វើ នាវេលាម៉ោង ១០៖០០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា «ប្រាសាទសំបូរព្រៃគុក» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការ UNESCO សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំលើកទី៤១ របស់ខ្លួននៅទីក្រុង Krakow នៃប្រទេសប៉ូឡូញ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរចំពោះមហាសមិទ្ធផល និងកិត្យានុភាពដ៏ត្រចេះត្រចង់ថ្មី មួយទៀតនេះ។
«ប្រាសាទសំបូរព្រៃគុក» នេះ ជារបស់កម្ពុជា ហើយពិធីនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករ ក្លៀវក្លា ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយរបស់មន្ត្រីរាជការក្រសួង និងប្រជាពលរដ្ឋខ្មែរទាំងអស់ ចំពោះកិត្តិនាមល្បីល្បាញបន្ថែមទៀត របស់កម្ពុជានៅលើឆាកអន្តរជាតិ៕