(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានថ្លែងបញ្ចាក់ថា ៦ខែ ដើមឆ្នាំ២០៧នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានឈាម ជាង៣ម៉ឺនប្លោក ដែលមានអ្នកស្ម័គ្រចិត្ដបរិច្ឆាគឈាម នៅទូទាំងប្រទេស មាន៣០% ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សយ អំពីក្លិបនៃក្តីស្រលាញ់ និងប្រកាសដាក់ឲ្យប្រើ កម្មវិធីដែលអាចប្រើ នៅលើទូរស័ព្ទដៃប្រភទAndroid and IOS
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នាសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បានថ្លែងផងដែរ ដើម្បីរួមចំណែក ជំរុញលើកកម្ពស់ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តនៅកម្ពុជា ឲ្យមានការកើនឡើង ជាមួយការយល់ដឹងពីសារៈសំខាន់ នៃផ្ដល់ឈាម ជួយសង្គ្រោះអ្នកជំងឺដែលត្រូវការឈាម ថ្ងៃនេះយើង បានបើកសិក្ខាសាលាផ្សព្វផ្សាយអំពីក្លិបនៃក្តីស្រលាញ់ និងប្រកាសដាក់ឲ្យប្រើ កម្មវិធីដែលអាចប្រើ នៅលើទូរស័ព្ទដៃប្រភទAndroid and IOS ដែលមានសិក្ខាកាមអញ្ចើញមកពីមន្ទីរសុខាភិបាល រាជធានី ខេត្ត មន្ទីរពេទ្យខេត្តទាំង២៥ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា នៅទូទាំងប្រទសសរុបចំនួន ១៦៣នាក់។
លោករដ្ឋមន្ដ្រីថ្លែងបន្ដថា ក្លិបនៃក្តីស្រឡាញ់ បានបង្កើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីលើកម្ពស់វប្បធម៌បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃនៅកម្ពុជា។ ក្លិបបានជំរុញយុវជន និងមហាជនគ្រប់ស្រទាប់វណ្ណៈឲ្យចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីធានាឲ្យមានសុវត្ថិភាព និងនិរន្តរភាពឈាម ក្នុងគោលដៅគាំទ្រផែនកា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត១០០% របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល។
កម្មវិធីទំនើបប្រើនៅលើទូរស័ព្ទដៃនេះ គឺជាស្នាដៃ និងជាសមិទ្ធិផលនៃកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជាជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្លិបនៃក្តីស្រឡាញ់កម្មវិធីនេះ អាចទាញយកមកប្រើប្រាស់បាន ដោយគ្រាន់តែ វាយអក្សរ The Love Club នៅលើ Play store ឬ App store រួចបញ្ជូលទៅក្នុងទូរស័ព្ទដៃជាការស្រច។ បន្ទាប់មកយើងអាចចុះឈ្មោះចូលជាសមាជិកនៃក្លិបតាមរយៈកម្មវិធីទំនើបនេះ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សប្បុរសជន បានបរិច្ចាគឈាម ដោយស្មគ្រ័ចិត្ត នៅគ្រប់មជ្ឈមណ្ឌលផ្តល់ឈាមទាំងអស់ អាចមាគណនេយ្យ ផ្ទាល់ខ្លួនមួយដែលអាចមើលឃើញព័ត៌មាន ទិន្នន័យ និងប្រវិត្តិនៃការបរិច្ចាគឈាមរបស់គាត់ តាមរយៈទូរស័ព្ទដៃបាន ដោយគ្រាន់តែចុះឈ្មោះ ជាមួយកម្មវិធី របស់ក្លិប នៃក្តីស្រឡាញ់រួចបញ្ជូលលេខកូដ ឬ QR code ដែលជាលេខអត្តសញ្ញាណ នៃអ្នករិច្ចាគឈាម។ កម្មវីធីទំនើបនេះ អាចឲ្យអ្នកបរិច្ចាគឈាមបញ្ចូលរូបថតផ្ទាល់ខ្លួន ព្រមទាំងបានបង្ហាញក្រុមឈាម របស់គាត់ និងចំនួនអំណោយឈាម ដែលបានផ្តល់។ លើសពីនេះអាចឲ្យសប្បុរសជន ស្ម័គ្រចិត្ត បរិច្ចាគឈាមបានឃើញ និងយល់ដឹងកាន់តែច្បាស់ អំពីគោលការណ៍គ្រឹះ នៃអំណោយឈាម ដោយស្ម័គ្រចិត្ត និងផលប្រយោជន៍ ជួយជីវិតអ្នកដ៏ទៃ តាមរយៈការចែករំលែក។
ព្រមជាមួយគ្នានោះ លោកគីម ឬទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានក្រុមការងារ ប្រតិបត្តិក្លិប នៃក្តីស្រឡាញ់ គាំទ្រយ៉ាងមុតមាំ ដល់ការបង្កើតកម្មវិធីទំនើបនេះឡើង ក្នុងកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងដៃគូសហការទាំងអស់ ដែលគាំទ្រដល់ក្លិបនៃក្តីស្រឡាញ់ ដើម្បីជំរុញយុវជន ប្រជាជនចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តឲ្យបានកាន់តែច្រើនឡើង និងដើម្បីជំរុញលើកម្ពស់វប្បធម៌ចែករំលែករបស់យុវជន និងប្រជាជនកម្ពុជា។
ទន្ទឹមនឹងនោះ គីម ឬទ្ធី ក៏បានផ្តល់ Samsung Tablet ចំនួន២៥គ្រឿង ជូនដល់មជ្ឈមណ្ដលជាតិ ផ្តល់ឈាម និងមជ្ឈមណ្ដលផ្តល់ឈាម ខេត្តចំនួន២១ ដើម្បីអនុវត្តកម្មវិធី របស់ក្លិប នៃក្តីស្រឡាញ់ ឲ្យបានទូលំទូលាយ សំដៅគ្របគ្រង តាមដានទិន្នន័យ នៃការបរិច្ជាគឈាម ស្តុកឈាម ការចែករំលែកឈាមដែលបានផ្តល់ជួយជីវិតមនុស្ស ដោយទឹកចិត្តសប្បុរសធម៌ ជឿជាក់ មានតម្លាភាព និងប្រកបដោយសមធម៌ ស្របតាមគោលការណ៍គ្រឹះ និងជាសាកល នៃការធ្វើអំណោយឈាមដោយស្ម័គ្រចិត្ត៕