(មណ្ឌលគិរី)៖ មិនថាមន្រ្តីរាជការ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ឬតាមខេត្តធំៗនោះទេ ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅឯខេត្តមណ្ឌលគិរីឯណោះវិញ ដែលជាខេត្តឆ្ងាយ នៅជាប់ព្រំដែនវៀតណាម និងសំបូរទៅដោយជនជាតិភាគតិចនោះ ក៏បានរៀបចំពិធីអបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ផងដែរ បន្ទាប់ពីត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក យ៉ាងសប្បាយក្រៃលែង។
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋរបស់ខ្លួនរៀបចំពិធីនេះ យ៉ាងអធិកអធម ប៉ុន្តែអ្វីដែលធ្វើឲ្យចាប់អារម្មណ៍នោះ គឺបងប្អូនប្រជាពលរដ្ឋ នៅខេត្តដាច់ស្រយាលមួយនេះ បានយកថាស និងប៉ោតជ័រសម្រាប់ដាក់ទឹក មកគោះលាន់ឮកងរំពងផងដែរ ពិតជាសប្បាយរបស់គេមែន។
នៅសារលិខិតផ្ញើជូនជនរួមជាតិទាំងអស់ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញរាជធានី-ខេត្ត គ្រប់ក្រុង-ស្រុក-ខ័ណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងសូមអំពាវនាវ ដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាននៅម៉ោង១០ព្រឹក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង-ស្ថាប័ន និងអង្គភាពគ្រប់សាលារាជធានីខេត្ត គ្រប់សាលាក្រុង-ស្រុក-ខ័ណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឲ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ»។
សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។
សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕