(កណ្តាល)៖ រថយន្តម៉ាក Toyota Tundra ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-6896 ដែលគេដឹងថា ជារបស់លោក ឆឹម ឬទ្ធី ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺនោះ ត្រូវបានភ្លើងឆេះខូចខាតស្ទើរទាំងស្រុង ខណៈលោកកំពុងបើកតាមដងផ្លូវជាតិលេខ៤ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។
ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តលបានរាយការណ៍ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីនេះ គឺមកពីឆ្លងទុយោប្រេងសាំង និងខ្សែភ្លើងដែលជាងទើបធ្វើ។ ម្ចាស់រថយន្តគឺលោក ឆឹម ឬទ្ធី អាយុ៣៨ឆ្នាំ រស់នៅផ្ទះD៥៤ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយបើកចេញពីភ្នំពេញ ទៅធ្វើការនៅខេត្តកំពង់ស្ពឺ លុះដល់ចំណុចកើតហេតុ ក៏ឆេះផ្នែកខាងក្រោយរថយន្តតែម្តង។
សម្រាប់ការជួយអន្តរាគមន៍វិញ កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៤រថយន្ត រហូតភ្លើងរលត់ទាំងស្រុងតែម្តង។
យ៉ាងណាក៏ដោយសម្រាប់លោក ឆឹម ឬទ្ធី មិនមានគ្រោះថ្នាក់ដោយសារហេតុការណ៍នេះទេ៕