(កំពង់ធំ)៖ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជាខេត្តសាម៉ីរបស់ «ប្រាសាទសំបូរព្រៃគុក» នោះ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក៏បានរៀបចំពិធីអបអទរដោយទូងស្គរ វាយគង ទះប៉ោត និងគោះត្រដោកផងដែរ នៅខាងលើទីតាំងប្រាសាទផ្ទាល់តែម្តង នៅមុខសាលាខេត្ត ព្រមទាំងនៅតាមទីសាធារណៈសំខាន់ៗ ចាប់ពីថ្នាក់ខេត្តរហូតតាមភូមិផងដែរ។

អភិបាលស្តីទីខេត្តកំពង់ធំ លោក គង់ វិមាន បានប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ក្រោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យរៀបចំពិធីអបអរសាទរ ប្រាសាទសំបូរព្រៃគុក នោះ នៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីយ៉ាងអធិកអធម ក្នុងនោះ ខ្ញុំបានដឹកនាំមន្រ្តីរាជការ ធ្វើនៅមុខសាលាខេត្ត រីឯប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំពិធីនេះនៅទីតាំងប្រាសាទសំបូរព្រៃគុក ផ្ទាល់តែម្តង ដោយយើងបានទូងស្គរ វាយគង... តាំងពីនៅសាលាខេត្ត សាលាស្រុក-ក្រុង តាមមន្ទីរ រហូតដល់តាមទីវត្តអារាម និងភូមិឃុំ»

ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ខេត្តកំពង់ធំ ក៏បានប្រាប់ផងដែរថា នៅពេលខាងមុខរដ្ឋបាលខេត្ត និងសហការជាមួយខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីអបអរសាទរ ដ៏ធំនៅទីតាំងប្រសាទសំបូរព្រៃគុក ផ្ទាល់តែម្តង ប៉ុន្តែត្រូវរង់ចាំការវិលត្រឡប់របស់លោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងជាប្រធានគណៈប្រតិភូ ពីប្រទេសប៉ូឡូញ នាប៉ុន្មានថ្ងៃខាងមុខសិន ដើម្បីពិភាក្សាឲ្យលម្អិត លើការរៀបចំព្រឹត្តការណ៍ជាតិមួយនេះ។

នៅសារលិខិតផ្ញើជូនជនរួមជាតិទាំងអស់ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ខ្ញុំសូមណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញរាជធានី-ខេត្ត គ្រប់ក្រុង-ស្រុក-ខ័ណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងសូមអំពាវនាវ ដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាននៅម៉ោង១០ព្រឹក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង-ស្ថាប័ន និងអង្គភាពគ្រប់សាលារាជធានីខេត្ត គ្រប់សាលាក្រុង-ស្រុក-ខ័ណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឲ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ»

សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។

សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕