(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំអនុម័តលើសេចក្តីស្នើ វិសោនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ក្រុមសមាជិកសភាមកពីគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយមិនគាំទ្រ និងទាមទារឲ្យបញ្ឈប់ការពិភាក្សា និងអនុម័ត ទៅលើសេចក្តីស្នើច្បាប់មួយនេះ។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការធ្វើវិសោធនកម្មច្បាប់នេះ អនុវត្តត្រឹមត្រូវតាមគោលការណ៍ប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យ ។
សេចក្តីថ្លែងការណ៍របស់ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានលើកឡើងថា សេចក្តីស្នើច្បាប់នេះ មានចរិតនយោបាយ គាបសង្កត់លើសិទ្ធិបុគ្គល និងកាបសង្កត់មកលើគណបក្សនយោបាយ ក្នុងន័យកម្ចាត់ខ្មែរគ្នាឯង និង គាបសង្កត់គូប្រជែងនយោបាយតែប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នេះ បានចាត់ទុកថា សេចក្តីស្នើច្បាប់គណបក្សនយោបាយ មិនស្របតាមគោលការណ៍នីតិរដ្ឋ ហើយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញ។
ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការធ្វើវិសោធនកម្ម ច្បាប់គណបក្សនយោបាយជាថ្មីម្តងទៀតនេះ គឺដេីម្បីតម្រង់ទិសគណបក្សនយោបាយ ឲ្យអនុវត្តត្រឹមត្រូវតាមគោលការណ៍ប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យ កុំឲ្យលេងល្បិចទុច្ចរិត រំលោភច្បាប់ រំលោភក្រមសីលធម៌ គោលការណ៍ និងនីតិវិធីផ្សេងៗដែលបានកំណត់ ។
លោកបានបន្តថា «ចំពោះ សម រង្សូី មិនបាច់អ្នកណាសម្លាប់ជីវិតនយោបាយរបស់គាត់ទេ ជាក់ស្តែងគឺខ្លួនគាត់បានសម្លាប់ជីវិតនយោបាយខ្លួនរួចទៅហេីយ តាមរយៈដាក់ពាក្យសុំលាលែងពីប្រធានគណបក្ស និងពីសមាជិកគណបក្ស កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៧ ។ ដូច្នេះ ការធ្វេីវិសោធនកម្មច្បាប់ស្តូីពីគណបក្សនយោបាយ មិនមែនគោលដៅបញ្ចប់ជីវិតនយោបាយសម រង្សីទេ ព្រោះបានស្លាប់បាត់រួចហេីយ»។
វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយថ្មី ត្រូវរៀបចំដោយ ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ដែលចុះហត្ថលេខាដោយ តំណាងរាស្រ្តច្រើនជាង៣០រូប។ ច្បាប់ថ្មីនេះ មានការកំណត់តឹងរឹងជាងមុន ដោយមិនឲ្យគណបក្សនយោបាយ ឃុបឃិតជាមួយទណ្ឌិត ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះ ត្រូវបានកែប្រែចំនួន៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន)។ មាត្រា៦ ថ្មី(ពីរ) ដែលកែប្រែឡើងវិញនេះ បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយទាំងអស់ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស បទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ឱ្យធ្វើ សកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ផងដែរ៕