(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក កែម ឡី ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា ការស្វែងរកយុត្តិធម៌ ត្រូវតែធ្វើ និងអនុវត្តទៅតាមច្បាប់ ដោយមិនអាចធ្វើតាមចំណង់នោះឡើយ។
ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានអង្គការសង្គមស៊ីវិលជាង១៦០ បានផ្ញើលិខិតចំហរួមមួយជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយស្នើឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតជុំវិញរឿងក្តីឃាតកម្មលើ លោក កែម ឡី នៅមុនឱកាសនៃខួបគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក។ នៅក្នុងលិខិតចំហរបាន បញ្ជាក់ថា «យើងខ្ញុំសូមស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមួយស្របតាមបទដ្ឋានអន្តរជាតិ ដើម្បីបន្តបើកការ ស៊ើបអង្កេតបន្ថែមទៀត»។
ឆ្លើយតបនឹងសំណើរបស់ក្រុមសង្គមស៊ីវិលទាំងនោះ លោក គឹម សន្តិភាព បានអះអាងយ៉ាងដូច្នេះថា៖ «សំណុំរឿងឃាតកម្មនេះ កំពុងស្ថិតនៅក្នុងចំំណាត់ការ របស់តុលាការ ហេតុនេះទាក់ទងនឹងនីតិវិធីស៊ើបអង្កេតគឺស្ថិតនៅក្រោមការចាត់ចែងរបស់តុលាការ! ឃាតកដែលជាជនដៃដល់ក៏ត្រូវចាប់ខ្លួន បាននិងផ្តន្ទាទោសដោយស្ថាប័នតុលាការ រីឯអ្នកពាក់ព័ន្ធដទៃទៀតតុលាការក៏កំពុងចំណាត់ការបន្ត!»។
លោកបានបន្តទៀតថា «ដំណើរការនៃការស៊ើបអង្កេតបន្តរបស់ស្ថាប័នតុលាការនេះ មិនអាចផ្សព្វផ្សាយជាសាធារណៈនោះទេ ព្រោះប៉ះពាល់ដល់ការសំងាត់នៃ ការស៊ើបអង្កេត! ការស្វែងរកយុត្តិធម៌ ជាការចាំបាច់គឺត្រូវធ្វើទៅតាមច្បាប់ មិនមែនតាមចំណង់នោះទេ! សូមទុកឲ្យស្ថាប័នតុលាការអនុវត្តសិទ្ធិអំណាច ឯករាជ្យដែលមានកំណត់ក្នុងច្បាប់!»។
សូមបញ្ជាក់ថា លោក កែម ឡី អ្នកវិភាគសង្គមនៅកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់ នៅក្នុងស្តាម៉ាតស្ថានីយ៍សាំងកាលតិចរបស់ក្រុមហ៊ុន Chevron ត្រង់ចំណុចស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយឃាតកម្មនេះភ្លាមៗ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ហៅជួបសម្លាប់ ដែលបានធ្វើសកម្មភាព ហើយរត់ចេញពីកន្លែងកើតហេតុ។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ក៏បានកាត់ទោស ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ ដោយផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធឃាតកម្មលើ លោកបណ្ឌិត កែម ឡី ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទរក្សា ទុកអាវុធខុសច្បាប់។ ជាមួយគ្នានេះ តុលាការក្រុងភ្នំពេញ បានសម្រេចបំបែកសំណុំរឿងបន្ថែម ដើម្បីស៊ើបអង្កេតរកអត្តសញ្ញាណអ្នកដែលផ្តល់អាវុធដល់ជួប សម្លាប់ និង អត្តសញ្ញាណអ្នកដែលនាំ ជួប សម្លាប់ ឲ្យស្គាល់បណ្ឌិត កែម ឡី ផងដែរ៕