(ពោធិ៍សាត់)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញដំណើរតាំងពីម៉ោង៥ព្រឹក ចុះមកខេត្តពោធិ៍សាត់ ដើម្បីត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ៥៥ ដែលភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ព្រំដែនថ្មដា ដែលជាប់នឹងខេត្តត្រាត ប្រទេសថៃ។
ផ្លូវជាតិលេខ៥៥ ប្រវែង ១៨២.១៦គីឡូម៉ែត្រ ដែលជាផ្លូវយុទ្ធសាស្រ្តសម្រាប់បម្រើទាំងវិស័យការពារជាតិតំបន់ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា‑ថៃ និងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសការដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ផ្លូវនេះ តភ្ជាប់ពីគីឡូម៉ែត្រលេខ១៩១ នៃឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញនិងស្រុកវាលវែងខេត្តពោធិ៍សាត់ ទៅកាន់ចំណុចច្រកថ្មដា ព្រំប្រទល់កម្ពុជា‑ថៃ។
ផ្លូវជាតិលេខ៥៥ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥។ បច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ ៨០ភាគរយហើយ៕