(ភ្នំពេញ)៖ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហប្រតិបត្តិការគយលើកទី១២៩/១៣០ របស់អង្គការគយពិភពលោក (WCO)។ កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅការិយាល័យកណ្តាលអង្គការគយពិភពលោក ប្រទេសបែលហ្សិក ដោយមានការចូលរួមពីសំណាក់អគ្គនាយកគយ និងគណៈប្រតិភូគយនៃបណ្តាប្រទេសជាសមាជិកចំនួន១៨២ប្រទេស តំណាងវិស័យឯកជន និងអ្នកសង្កេតការណ៍អន្តរជាតិសំខាន់ផ្សេងៗជាច្រើនទៀត។
ក្នុងសុន្ទរកថាបើកអង្គប្រជុំ លោក Ruslan Davydov ប្រធានអង្គប្រជុំ បានអបអរសាទរទិវាប្រារព្ធខួបលើកទី៦៥ឆ្នាំនៃការបង្កើតអង្គការគយពិភពលោក ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥២ ដោយមានសមាជិកត្រឹមតែ១៧ប្រទេសជាសមាជិក ហើយរហូតមកដល់បច្ចុប្បន្នបានកើនឡើងដល់១៨២ប្រទេសជាសមាជិក។ ទន្ទឹមនេះ លោកក៏បានកោតសរសើរចំពោះភាពជោគជ័យ និងសារៈសំខាន់នៃតួនាទីគយ ក្នុងការចូលរួមចំណែកសម្រេចបានសមិទ្ធផលជាច្រើន នាពេលកន្លងមក ដូចជា៖ កំណើនទំហំពាណិជ្ជកម្មអន្តរជាតិ កិច្ចសម្រួលពាណិជ្ជកម្ម សន្តិសុខពាណិជ្ជកម្មអន្តរជាតិ ដែលជាយន្តការដ៏ពិសេសមួយ និងមានឥទ្ធិពលលើកំណើនសេដ្ឋកិច្ច ហើយគ្រប់ដណ្តប់ស្ទើរជិត៩៨ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិ។
ក្នុងដំណើរការពិភាក្សា អង្គប្រជុំបានផ្តោតលើបញ្ហាគន្លឹះមួយចំនួនរួមមាន៖ វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត និងសកម្មភាពឆ្នាំ២០១៦/២០១៧ និងការលើកផែនការយុទ្ធសាស្រ្តឆ្នាំ២០១៨/២០១៩។ ប្រធានបទដែលលេចធ្លោរួមមាន៖
១៖ ឧត្តមភាពប្រកួតប្រជែងសេដ្ឋកិច្ច
២៖ អនុលោមភាព និងការអនុវត្តច្បាប់
៣៖ រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការគ្រប់គ្រងពាណិជ្ជកម្មតាមអេឡិចត្រូនិក
៤៖ គោលនយោបាយកៀរគរចំណូលរបស់ WCO
៥៖ កិច្ចសម្រួលពាណិជ្ជកម្ម
៦៖ សន្តិសុខនិងសុវត្ថិភាព
៧៖ ការទប់ស្កាត់ប្រឆាំងហិរញ្ញប្បទានខុសច្បាប់
៨៖ សហប្រតិបត្តិការរវាងគយ និងពន្ធដារ និង ៩៖ ការកសាងសមត្ថភាពនិងបណ្តុះបណ្តាលធនធានមនុស្ស។
ទន្ទឹមនេះ អង្គប្រជុំក៏បានសា្តប់របាយការណ៍និងពិភាក្សាលើកការងារបច្ចេកទេសគយ ដូចជា វិធានដើមកំណើតទំនិញ ការកំណត់តម្លៃគិតពន្ធគយ និងការចាត់ថ្នាក់ទំនិញ អនុលោមភាពនិងកិច្ចសម្រួលពាណិជ្ជកម្ម និងការកសាងសមត្ថភាព។ លើសពីនេះទៅទៀត អង្គប្រជុំក៏បានពិភាក្សាយ៉ាងផុសផុលលើប្រធានបទអភិបាលកិច្ច និងការសម្រេចទទួលយកសមាជិកថ្មីរបស់អង្គការគយពិភពលោក។ ដោយសារតែមហាសន្និបាតមិនអាចបញ្ចប់ការពិភាក្សាលើរបៀបវារៈទាំងអស់បាន អង្គប្រជុំបានសម្រេចនឹងយករបៀបវារៈសេសសល់ទៅពិភាក្សានៅមហាសន្និបាតវិសាមញ្ញពីថ្ងៃទី១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសនេះដែរ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានជួបប្រជុំទ្វេភាគីជាមួយគណៈប្រតិភូគយជប៉ុន ដែលដឹកនាំដោយលោកអគ្គនាយក Mikio KAJIKAWA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ។
លោក Mikio KAJIKAWA បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងការគាំទ្ររបស់រដ្ឋបាលគយកម្ពុជានៅក្នុងឆាកអន្តរជាតិ។ លោកក៏បានជូនដំណឹងជាវិជ្ជមានចំពោះសំណើររបស់ភាគីកម្ពុជា ក្នុងការស្នើសុំហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍន៍និងអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា និងការផ្តល់នាវាល្បាតចំនួនពីរគ្រឿងជូនភាគីគយកម្ពុជា។
ជាការឆ្លើយតប លោកបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណដល់ភាគីគយជប៉ុន និងរដ្ឋាភិបាលជប៉ុនចំពោះការឆ្លើយតបយ៉ាងឆាប់រហ័ស និងវិជ្ជមានចំពោះសំណើររបស់គយកម្ពុជា ក្នុងការផ្ដល់ជំនួយបច្ចេកទេសនានា ដល់ការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា។ ទន្ទឹមនេះ ភាគីទាំងពីរបានឯកភាពពន្លឿនការពិនិត្យសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នារវាងរដ្ឋបាលគយទាំងពីរ ដើម្បីចុះហត្ថលេខានៅពេលអនាគតដ៏ខ្លី ។
គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានចូលជួបសម្តែងការគួរសមជាមួយ លោក Kunio Mikuriya អគ្គលេខាធិការអង្គការគយពិភពលោក ក្នុងគោលបំណងថ្លែងអំណរគុណដល់អង្គការគយពិភពលោក ដែលតែងតែផ្តល់ការគាំទ្រជាប្រចាំដល់រដ្ឋបាលគយកម្ពុជានាពេលកន្លងមក ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជា ជាពិសេសការកសាងសមត្ថភាពនិងបណ្ដុះបណ្ដាលធនធានមនុស្សជាបន្តបន្ទាប់៕