(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍ ដែលទើបចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា នៅរយៈពេល៥ខែដើមឆ្នាំ២០១៧នេះ ពោលចាប់ពីខែមករា ដល់ខែឧសភា មានភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជា ចំនួន២,២៨៤,៦៣០នាក់ កើនឡើង១២.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ មានភ្ញៀវមកតាមផ្លូវអាកាសចំនួន ១,៣៨២,៥៥៥នាក់ ស្មើនឹង៦០.៥ភាគរយនៃចំនួនសរុប កើនឡើង២១.៩ភាគរយ។ ភ្ញៀវទេសចរតាមផ្លូវគោក មានចំនួន៨១៦,៨៩៤នាក់ ស្មើនឹង៣៥.៨ភាគរយនៃចំនួនសរុប កើនឡើង០.២ភាគរយ និងភ្ញៀវតាមផ្លូវទឹកចំនួន ៨៥,១៨១នាក់ ស្មើនឹង៣.៧ភាគរយនៃចំនួនសរុប កើនឡើង៤.៣ភាគរយ។
ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាច្រើនជាងគេមាន ភ្ញៀវចិនជាង៤៤ម៉ឺននាក់, វៀតណាមជាង៣៣ម៉ឺននាក់, ឡាវជាង១៨ម៉ឺននាក់, កូរ៉េជិត១៧ម៉ឺននាក់, ថៃជាង១៤ម៉ឺននាក់, អាមេរិកជាង១១ម៉ឺននាក់, ជប៉ុនជាង៨ម៉ឺននាក់, អង់គ្លេសជិត៨ម៉ឺននាក់, បារាំងជាង៧ម៉ឺននាក់ និងម៉ាឡេស៉ី ជាង៦ម៉ឺននាក់៕