(ភ្នំពេញ)៖ ពិតជាកក្រើកមែន! ជាមួយនឹងព្រឹត្ដិការណ៍ប្រកួតដណ្ដើមខ្សែក្រវ៉ាត់អន្ដរជាតិ របស់«កំពូលអ្នកប្រដាល់ ស្រាបៀរ លីអូ» រដូវកាលទី៦ ដែលប្រព្រឹត្ដទៅ នៅស្ថានីយទូរទស្សន៍បាយ័ន បឹងស្នោរ ។
លោក ព្រាប សុវណ្ណ អ្នកតំណាងស្រាបៀរលីអូ បានថ្លែងក្នុងសន្និសីទកាសែត នៅសង្វៀនទូរទស្សន៍បាយ័ន នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ថា កម្មវិធី «កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ» ដែលឧបត្ថម្ភដោយ ក្រុមហ៊ុនស្រាបៀរលីអូ ក្នុងរដូវកាលទី៦នេះ មិនមែនជាការប្រដាល់លក្ខណៈថ្នាក់ជាតិ ដូចរដូវកាលមុនៗទេ តែជាការប្រកួតដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ។
លោកបន្ដថា «ការប្រកួតថ្ងៃនេះ កំពូលអ្នកប្រដាល់មកពី កម្ពុជា ឡាវ និងថៃ ចំនួន៨រូប គឺ ណាំផុនភេតចិត្តា, សេក គឹមរួន, វៃ ហ៉ៃ្វ, ឆៃ សារ៉ា,ហ្វាសាំងស៊ិតអត្ថភី, មុត ខ្លឹមខ្មៅ, ខាវ ផុង និងចាន់ រតនា នឹងឡើងមកអង្រួនសង្វៀនក្នុងរដូវកាលថ្មីនេះ ហើយយើងជឿជាក់ថា កីឡាករកម្ពុជាទាំងអស់ សុទ្ធតែខ្លាំង មានការតស៊ូ និងពូកែទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាមោទនភាពមួយ សម្រាប់ប្រជាជនកម្ពុជា ទូទាំងប្រទេស ដើម្បីចូលរួមទស្សនាការប្រកួតរបស់កំពូលកីឡាករកម្ពុជា និងកីឡាករអន្តរជាតិល្បីៗ និងខ្លាំងៗជាច្រើនរូប ហើយស្រាបៀរលីអូ នឹងនៅទីនេះដើម្បីលើកទឹកចិត្ត និងអបអរ រាល់ជ័យជំនះរបស់កីឡាករកម្ពុជាទាំងអស់»។
លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជា បានថ្លែងថាផងដែរថា ការប្រកួតដណ្ដើមខ្សែក្រវាត់ «កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ» ក្នុងរដូវកាលទី៦នេះ ប្អូនៗជាកីឡាករ ត្រូវបញ្ចេញនូវសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសព្រមជាមួយគ្នា ដោយប្រកួតយកចាញ់ឈ្នះពិតប្រាកដ មិនពុតរលួយ ឬមានករណីមិនប្រក្រតីណាមួយឡើយ បើមិនដូច្នេះទេ នឹងត្រូវបញ្ឈប់ការប្រកួតភ្លាមតែម្ដង ដូច្នេះត្រូវគោរពទៅតាមគោលការណ៍នៃការប្រដាល់ឲ្យបានច្បាស់ ។
ទន្ទឹមនឹងនោះ លោកក៏បានណែនាំ ដល់កីឡាករថា ដើម្បីទទួលបានជោគជ័យ ក្នុងការប្រកួតក្រៅពីសមត្ថភាព ភាពវ័យឆ្លាតប្រើប្រាស់បច្ចេកទេស សំខាន់បំផុត ក៏ត្រូវមានសុខភាពល្អ និងប្រុងប្រយ័ត្នខ្ពស់ ទាំងមុនប្រកួត និងពេលឡើងលើកសង្វៀនប្រដាល់ផងដែរ៕