(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី៩កក្កដានេះ បានប្រារព្ធពិធី បិទវគ្គបណ្តុះបណ្តាល គរុកោសល្យគ្រូបង្រៀនភាសាចិន នៅកម្ពុជា លើកទី៧ ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពី សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោកបណ្ឌិត ជា សុភាព, លោកបណ្ឌិត ជា មុន្នីឬទ្ធិ នាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ភាគីខ្មែរ និងសាស្រ្តាចារ្យបណ្ឌិត ស៊ែ ស៊ីវឡុង នាយកវិទ្យាស្ថានខុងជឺ ភាគីចិន និងអ្នកចូលរួមជាច្រើនទៀត។
លោកបណ្ឌិត ជា សុភាព បានថ្លែងថា កម្មវិធីបិទវគ្គបណ្តុះបណ្តាល គរុកោសល្យគ្រូបង្រៀនភាសាចិន នៅកម្ពុជា លើកទី៧ នាថ្ងៃនេះ ដែលប្រារព្ធនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាថ្ងៃនេះជាលើកទី៣ មានគរុសិស្ស និងនិស្សិតចំនួនជាង ១៤០រូបចូលរួមក្នុងការបណ្តុះបណ្តាល គរុកោសល្យនេះ។ តាមការរាយការណ៍របស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៧ នេះជាខួបលើកទី៧ នៃការបណ្តុះបណ្តាលបំប៉នគរុកោសល្យដល់គ្រូបង្រៀនជនជាតិកម្ពុជា ដែលកំពុង បង្រៀនភាសាចិននៅកម្ពុជា។
លោកបន្ដថា «វគ្គបណ្តុះបណ្តាលគរុកោសល្យនេះ ជាកម្មវិធីដ៏សំខាន់ សម្រាប់ធ្វើវិក្រឹត្យ ការជូនដល់គ្រូបង្រៀន ដែលបាននិងកំពុងបង្រៀន ក្នុងគោលបំណង ធ្វើទំនើបកម្មលើបច្ចេកទេសបង្រៀនសមស្រប នឹងតម្រូវការ ជាក់ស្តែងនៃការអប់រំ។ ការបង្រៀនជាកិច្ចការដ៏លំបាកសម្រាប់គ្រូបង្រៀន តែវាជាកិច្ចការដ៏មាន កិត្តិយសសម្រាប់គ្រូបង្រៀនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ នៅក្នុងសកម្មភាពការងារបង្រៀននេះ គ្រូបង្រៀន មិនអាចខ្វះបាននូវការសិក្សាស្រាវជ្រាវ និងទទួលយកនូវការបណ្តុះបណ្តាលបន្តនោះឡើយ»។
លោកបន្ថែមថា គេតែងនិយាយថា គ្រូបង្រៀនជាវិស្វករព្រលឹងជាតិ ព្រោះគ្រូបង្រៀន ជាអ្នកគូសវាសវាសនាសម្រាប់អ្នកបន្ត វេនអ្នកដឹកនាំ និងជាសាងនូវសមិទ្ធផលនានាដែលកើតចេញពីការអប់រំ។ ក្នុងន័យនេះ វិទ្យាស្ថានខុងជឺនៃ រាជបណ្ឌិត្យសភាកម្ពុជា ដែលទទួលខុសត្រូវលើការបណ្តុះបណ្តាលភាសា និងវប្បធម៌ចិនប្រកបដោយស្តង់ដារអន្តរជាតិ ហើយដែលទទួលបានការគាំទ្រ ពីស្ថានទូតចិននៅកម្ពុជា គឺជាស្ថាប័នតែមួយគត់ក្នុង ការរៀបចំបណ្តុះបណ្តាលគរុកោសល្យ និងធ្វើទំនើបកម្មការបង្រៀន និងសម្ភារៈឧបទេ្ទសភាសាចិន សម្រាប់ជូនដល់គ្រូបង្រៀន ភាសាចិនទាំងអស់នៅកម្ពុជា។
លោកថ្លែងទៀថា លោកគ្រូ អ្នកគ្រូដែលបានចូលរួមសិក្សាក្នុងរយៈពេល២ថ្ងៃនេះ មិនត្រឹមតែពង្រឹងនិងពង្រីកបាន ចំណេះដឹងភាសាចិន ប្រវត្តិសាស្រ្តចិន និងវប្បធម៌ចិនប៉ុណ្ណោះទេ តែថែមទាំងទទួលបាននូវបច្ចេកទេស ថ្មីៗដែលគ្រូបង្រៀនជនជាតិចិនបានផ្តល់ជូន។ សូមលើកទឹកចិត្តឱ្យគ្រូបង្រៀនភាសាចិនទាំងអស់នៅ កម្ពុជា បន្តចូលរួមគ្រប់កម្មវិធីបណ្តុះបណ្តាលទាំងអស់ ដែលពាក់ព័ន្ធនឹងការបង្រៀនភាសាចិន ដើម្បីលើកកម្ពស់ពុទ្ធិ និងបទពិសោធន៍បង្រៀនរបស់ខ្លួន ហើយខ្ញុំក៏សូមឱ្យវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ពិចារណាបន្តបើកវគ្គបណ្តុះបណ្តាលនេះ ទៀតផងដែរ ដើម្បីជាការផ្តល់ឱកាសកាន់តែទូលំទូលាយដល់គ្រូ បង្រៀនដែលកំពុងបង្រៀនភាសាចិន៕