(កណ្ដាល)៖ យ៉ាងហោចណាស់មានបុរស២នាក់ បានរងរបួសធ្ងន់ ខណៈម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ត្រង់ចំណុចមុខបុរីពេជ្រ លើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលបង្កឡើងដោយម៉ូតូម៉ាក Suzuki Viva ពាក់ស្លាកលេខ តាកែវ 1C-4393 បុកចំពីមុខម៉ូតូសង់កូរ៉េ ពាក់ស្លាកលេខ រ-0490 ភព1 (ស្លាកលេខចាស់) ពេញទំហឹង។ នេះបើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
របាយការណ៍បានឲ្យដឹងថា ហេតុការនេះកើតឡើងនាល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ដែលអ្នកបើកបរ Viva (របួសធ្ងន់) មិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយទេ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើបានជែងរថយន្ត១គ្រឿង ក៏ជ្រុលទៅបុកម៉ូតូសង់កូរ៉េពីមុខតែម្ដង ដែលបើកបរដោយឈ្មោះ រី ម៉ៅ អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ និងអ្នករួមដំណើរពីក្រោយម្នាក់ទៀត ឈ្មោះ យាយ លី អាយុ៣២ឆ្នាំ (របួសស្រាល) អ្នកទាំង២មានទីលំនៅក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
របាយការណ៍បានបន្តថា អ្នករងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។ ចំណែកម៉ូតូទាំង២គ្រឿង ក្នុងសភាពខូចខាតធ្ងន់ធ្ងរនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋានក្រុងតាខ្មៅ បណ្តោះអាសន្ន។
របាយការណ៍បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ខាងលើ ដោយសារអ្នកបើកបរម៉ូតូ Viva បើកវ៉ារថយន្តមួយគ្រឿង ក៏ហួសចូលចំណែកផ្លូវម៉ូតូសង់កូរ៉េ ខណៈគ្រប់គ្រងស្ថានភាពមិនបានផងនោះ ទើបជ្រុលទៅបុកម៉ូតូសង់កូរ៉េតែម្ដង៕