(ព្រៃវែង)៖ លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង បានតាមប្រមាញ់ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន ២នាក់ រហូតឈានទៅដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ រួមជាមួយថ្នាំញៀន និងវត្ថុតាងមួយចំនួន។
លោកសេនីយ៍ត្រី ផាត់ សុជោត បានរៀបរាប់ថា ដំបូងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសរក្សាទុក និងជួញដូរគ្រឿងញៀន នៅចំណុចភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កាន់ ច័ន្ទនី អាយុ២៣ឆ្នាំ រស់នៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក។
ខណៈនោះកម្លាំងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌ស ១កញ្ចប់ (ទម្ងន់ ០.៥៨ក្រាម) ម៉ូតូម៉ាកហុងដាវេវ ១គ្រឿង ទូរស័ព្ទដៃ ១គ្រឿង។
បន្ទាប់ពីស្តាប់ចម្លើយឈ្មោះ កាន់ ច័ន្ទនី រួចមក កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ចាន់ ដាឡែន អាយុ២៦ឆ្នាំ រស់នៅភូមិឆ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក និងចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ១កញ្ចប់ (ទម្ងន់ ១.៩៩ក្រាម) ទូរស័ព្ទដៃ ១គ្រឿង ម៉ូតូ១គ្រឿង។
បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យឈ្មោះ ចាន់ ដាឡែន រួចមកទៀត និងដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាខេត្តព្រៃវែង និងខេត្តស្វាយរៀង កម្លាំងអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង បានចុះឆែកឆេរផ្ទះឈ្មោះ ចាន់ ដាឡែន ដោយចាប់យកវត្ថុតាងរួមមាន៖ ជញ្ជីងថ្លឹងថ្នាំចំនួន១ ថង់សម្រាប់ច្រកថ្នាំមួយចំនួនធំ ស្កុតបិទចំនួន២ដុំ ស្លាបព្រាសម្រាប់រំលែកថ្នាំចំនួន១ ទុយោសម្រាប់រំលែកថ្នាំចំនួន១។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនឡើងតុលាការបន្ត៕