(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសារជូនជនរួមជាតិទាំងអស់ទាក់ទងជាមួយ មោទនភាពជាតិដែល «តំបន់ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ។
នៅក្នុងលិខិតចំនួន៣សន្លឹករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំ ចេញសារជូនជនរួមជាតិទាក់ទង ជាមួយមោទនភាពជាតិដែល (តំបន់ប្រាសាទសំបូរព្រៃគុក) ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ។ សម្បត្តិរួម សប្បាយរួម សូមបងប្អូន ជនរួមជាតិចូលរួមអបអរសាទរនៅម៉ោង១០ព្រឹកថ្ងៃ១០ ខែកក្កដា២០១៧ស្អែកនេះ ដូចមាននៅក្នុងសារជូនជនរួមជាតិស្រាប់»។
ជាមួយគ្នានេះ សម្តេចតេជោ ក៏សូមអរគុណដល់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងគ្រប់មន្ទីរស្ថាប័នពាក់ព័ន្ឋ រួមជាមួយមន្រ្តី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមខិតខំប្រឹងប្រែង ក្នុងការថែរក្សាការពារអភិរក្ស និងបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកជាស្ថាពរ នៅពីយប់មិញនេះ។
ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។
សូមជម្រាបថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។
សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។
បច្ចុប្បន្ន ប្រាសាទទាំងនេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនេះទៀតផង៕