(ពោធិ៍សាត់)៖ ទៀនព្រះវស្សាយក្ស១គូ ដែលមានទម្ងន់ជាង១តោន ប្រើប្រាស់បច្ច័យជាង៨លានរៀល ដែលចាប់ផ្តើមដំណើរការសិតពុម្ព កាលពីថ្ងៃទី០៧ ខែកក្កដា ត្រូវបានធ្វើពិធីបុណ្យឆ្លង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ក្រោមការរួបរួមសាមគ្គីគ្នាផ្តួចផ្តើម ពីសំណាក់ព្រះតេជគុណព្រះនាម កាន់ ខេមរា ព្រះគ្រូចៅអធិការវត្តហ្លួង រួមជាមួយព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តហ្លួង ស្ថិតក្នុងភូមិវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក វង្ស វិមាន អនុប្រធានសមាគមអាចារ្យខ្មែរសាខាខេត្ត បានឲ្យដឹងថា ការរៀបចំពិធីសិតពុម្ពទៀនព្រះវស្សាយក្ស១គូ ខាងលើនេះ គឺមិនធ្លាប់មានទេកន្លងមក ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើតការយល់ដឹងកាន់តែទូលំទូលាយ ទៅដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសិស្សានុសិស្ស ឲ្យបានដឹង បានឃើញ និងមានលទ្ធភាពផលិតដោយខ្លួនឯង។ ម្យ៉ាងវិញទៀត ដើម្បីអបអសាទរបុណ្យចូលព្រះវស្សា ដែលឈានចូលមកដល់នាពេលខាងមុខនេះ។
លោកអាចារ្យបន្តថា ជាការពិតណាស់ថា បុណ្យព្រះវស្សា គឺជាបុណ្យដ៏ធំនៃព្រះពុទ្ធសាសនា ដូច្នេះទាំងព្រះសង្ឃនិងទាំងពុទ្ធបរិស័ទ តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនដែលរំលងឡើយ ដោយយល់ឃើញថា រដូវនោះ គឺជារដូវវស្សា ភ្លៀងធ្លាក់ជោកជាំ ព្រះសង្ឃមិនអាចនិមន្តត្រាច់ចរអស់រយៈពេល៣ខែ សម្រាប់គង់ចាំព្រះវស្សា ក្នុងព័ទ្ធសីមាវត្ត ដើម្បីទទួលក្រាលគ្រងអង្គកឋិន។ លោកអាចារ្យបន្តទៀតថា សម្រាប់វត្តហ្លួងឆ្នាំនេះ បន្ទាប់ពីសិតពុម្ពទៀនចំណាំព្រះវស្សាយក្ស ក៏មានអភិសេកព្រះពុទ្ធរូបមួយព្រះអង្គ ធ្វើអំពីមាសលាយស្ពាន់ ដែលបានចាក់រួចកាលពីឆ្នាំ២០១៦ រួមជាមួយកម្មវិធីរាប់បាតព្រះសង្ឃ១២២អង្គផងដែរ។
ឧបាសិកា លាង លី និងលោក ឡុង សំរិទ្ធិ ប្រធានគណៈកម្មការវត្តហ្លួង បានឲ្យដឹងថា រហូតមកដល់ពេលនេះទៅហើយ មិនទាន់បានដឹង និងបានឃើញ ពីរបៀបសិតទៀនព្រះវស្សានោះទេ ទើបតែនៅពេលនេះ ព្រះតេជគុណ កាន់ ខេមរា ព្រះគ្រូចៅអធិការវត្តហ្លួង មានគំនិតផ្តួចផ្តើមសិតទៀនព្រះវស្សា១គូ ដែលមានទម្ងន់ជាង ១តោន ដើម្បីបានដឹង បានឃើញ និងមានលទ្ធភាពផលិតដោយខ្លួនឯង មិនចាំបាច់យកមកពីបរទេស៕