(ភ្នំពេញ)៖ បុគ្គលិកព្រលានយន្តហោះម្នាក់ ដែលបានទាញកាំបិតប៉័ងតោ កាប់ទៅលើជំនួយការផ្ទាល់លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បណ្តាលឲ្យរងរបួសធ្ងន់ ជាច្រើនកន្លែងលើ រាងកាយនោះ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការ តាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានលួចបង្ហើបប្រាប់អង្គភាព Fresh News ថា ខណៈដែលជនសង្ស័យត្រូវបានឃាត់ខ្លួន និងរហូតបញ្ជូនខ្លួន ទៅកាន់តុលាការនោះ ក៏មានអ្នកអន្តរាគមន៍ឡើងខ្វាត់ខ្វែងផងដែរ រហូតយកឈ្មោះថ្នាក់ដឹកនាំធំៗ មកគំរាមសមត្ថកិច្ចទៀតផង ប៉ុន្តែបើរូបភាពកាប់ទៅលើជនរងគ្រោះ យ៉ាងដូច្នេះទៅហើយតើគួរតែដោះលែងឬយ៉ាងណា?
បើតាមមន្រ្តីនគរបាល ដែលកាន់សំណុំរឿងនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «មុនពេលដែលបញ្ជូនខ្លួន ជនសង្ស័យទៅតុលាការ គឺមានអ្នកនៅពីក្រោយខ្នង បានបញ្ជាឲ្យនគរបាលបញ្ជូនជនដៃដល់ ទៅមន្ទីរពេទ្យ ដោយសំអាងថា ជនដៃដល់មានជំងឺសសៃប្រសាទ ប៉ុន្តែនៅមុននេះពីរថ្ងៃ នគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការត្រួតពិនិត្យលើទឹកនោមជនសង្ស័យ ដោយរកឃើញថា ជនដៃដល់មិនមានជំងឺសរសៃប្រសាទ និងញៀនថ្នាំនោះទេ ប៉ុន្តែនៅថ្ងៃសៅរ៍ ទី៨កក្កដា ម្តាយរបស់ជនសង្ស័យ បានលិខិតពេទ្យមួយកន្លែង មកបង្ហាញនគរបាលថា កូនរបស់ខ្លួនមានជំងឺសរសៃប្រសាទ ហើយចូលទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី៧កក្កដា ប៉ុន្តែលិខិតពេទ្យបានសរសេរកាលបរិច្ឆេទខុស ក្នុងន័យអ្វីមួយ ពីព្រោះថាជនដៃដល់បានធ្វើសកម្មភាព កាលពីថ្ងៃទី៦ ខែកក្កដា បែរជាពេទ្យចេញលិខិតមកថា ជនដៃដល់នៅថ្ងៃទី៧កក្កដា បានទៅពេទ្យព្យាបាលជំងឺ។ រឿងនេះនៅមានការស្រាវជ្រាវវែងឆ្ងាយបន្តទៀត ទោះបីមានការរត់ការ និងធានាខ្លួនពីអ្នកមានក៏ដោយ ប៉ុន្តែគេសង្ឃឹមថា តុលាការនឹងធ្វើកិច្ចការនេះដោយម៉ត់ចត់»។
រហូតមកដល់ល្ងាចថ្ងៃដដែលនេះ ជនបង្កកំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ ប៉ុន្តែមិនទាន់ដឹងមានចំណាត់ការយ៉ាងណានោះទេ?
សូមបញ្ជាក់ថា បុគ្គលិកព្រលានយន្តហោះម្នាក់ បានទាញកាំបិតប៉័ងតោកាប់ជំនួយការផ្ទាល់លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បណ្តាលឲ្យរងរបួសធ្ងន់ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈជនរងគ្រោះ កំពុងរង់ចាំទទួលសាច់ញាតិរបស់ចៅហ្វាយនាយ ពីបរទេស។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ជនបង្កមានឈ្មោះ កែវ ភារម្យ អាយុ២៥ឆ្នាំ ជាអ្នកទទួលភ្ញៀវចុះពីយន្តហោះ ដែលធ្វើការនៅក្រុមហ៊ុន រ៉ូយាល់ ខេមបូឌា លីមូស៊ិន សេកវីស ដែលក្រុមហ៊ុនបញ្ជូនមកឲ្យធ្វើការនៅព្រលានយន្តហោះ។ ឪពុកជនបង្កឈ្មោះ កែវ សារ៉ង ជាមន្រ្តីយោធា និងមានម្តាយ អ៉ឹង សគុន្ធថាវរី បច្ចុប្បន្នផ្ទះលេខ18UH ផ្លូវK4A ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះលោក កែវ ស៊ីថា អាយុ៥១ឆ្នាំ ជាជំនួយការផ្ទាល់លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ។
បើតាមមន្រ្តីនគរបាល នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរមកមុខស្ដានីយ៍អ្នកដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ត្រូវបានជនបង្កយកកាំបិតប៉័ងតោ មកកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត ហើយជនរងគ្រោះបានស្រែកឲ្យគេជួយ រួចហើយក៏ត្រូវបានកម្លាំងសន្តិសុខ និងនគរបាលឃាត់ខ្លួនភ្លាមៗនៅកន្លែង កើតហេតុតែម្ដង៕