(ភ្នំពេញ)៖ រថយន្តដឹកប្រេងសាំងមួយគ្រឿង បែរជាលួចដឹកឈើក្រញូង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបបាន បន្ទាប់ពីបានធ្វើការស្រាវជ្រាវតាមដាន ស្វែងរករថយន្តដឹកប្រេង០១គ្រឿង ដែលប្រជាពលរដ្ឋបានរាយការណ៍ថា ជារថយន្តគួរឲ្យសង្ស័យខុសប្រក្រតី។
មន្រ្តីអាវុធហត្ថបានរៀបរាប់ថា ពេលរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានប្រទះឃើញរថយន្តខាងលើចរាចរលើកំណាត់ ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក៏ធ្វើការត្រួតពិនិត្យជាក់ស្តែងឃើញថា រថយន្តនេះពិតជាបានប្រព្រឹត្តល្មើសច្បាប់ដោយ លួចដឹកឈើក្រញូង ជំនួសប្រេងសាំងបន្លំភ្នែកសមត្ថកិច្ច និងមហាជនទូទៅ ក៏បានឃាត់យកមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសុំការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បង្កើតគណកម្មការ ដោយមានការចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាល ព្រៃឈើភ្នំពេញ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើចំការមន មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើដង្កោ និងសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការឆែកឆេរ រុះរើកំណាត់ឈើ រាប់និងថ្លឹង ជាលទ្ធផលទទួលបានគឺរថយន្តម៉ាក HYUNDAI ពណ៌សលាយខៀវ មានស៊ីតែនចំណុះ៣៣០០លីត្រ ពាក់ស្លាកលេខ ភ្នំពេញ 3B-3538 មិនមានផ្ទុកប្រេងទេ តែលួចបង្កប់ឈើក្រញូង ចំនួន២៣១៥ដុំ ទម្ងន់២៤១០គីឡូក្រាម។
បន្ទាប់ពីបានធ្វើកំណត់ហេតុត្រួតពិនិត្យចប់សព្វគ្រប់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ក៏បានផ្ទេរសំណុំរឿងនិងវត្ថុតាង ប្រគល់ជូនសមត្ថកិច្ចជំនាញនៃរដ្ឋបាលព្រៃឈើ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕