(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានអះអាងថា «តាមសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧នេះ យើងនឹងបន្តឈ្នះក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខ។ ដូច្នេះគណបក្សប្រឆាំង នឹងបន្តចាញ់ក្នុងការបោះឆ្នោត នាពេលខាងមុខទៀត ហើយគ្មានថ្ងៃអាចដណ្តើមយកជ័យជំនះ និងមានអំណាច កាន់កាប់រាជរដ្ឋាភិបាលនោះទេ ហើយបើប្រជាជននៅបន្តបោះឆ្នោតជូន គណបក្សប្រជាជនទទួលជោគជ័យ នោះក៏គ្មានថ្ងៃប្រគល់អំណាចឲ្យបក្សប្រឆាំងដែរ»។
ការចេញមកបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្នុងឱកាស ជួបសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកា គណបក្សមកពី២៧ភូមិ នៃឃុំស្វាយរំពា និងឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងទៅកាន់សមាជិកសមាជិកាទាំងអស់ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ លទ្ធផលបង្ហាញថា ទី១-គណបក្សប្រជាជន កម្ពុជា នៅក្នុងខេត្តកំពង់ស្ពឺ បានឈ្នះគណបក្សប្រឆាំង ក្នុងការបោះឆ្នោតចំនួន៧ម៉ឺនសំឡេង និងទី២- ក្នុងស្រុកបរសេដ្ឋ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏បានកើនឡើងឈ្នះ គណបក្សប្រឆាំងដែរ»។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឲ្យសមាជិកសមាជិកា គណបក្សមកពីឃុំទាំងពីរ បន្តការខំប្រឹងប្រែងដើម្បីឈានទៅសម្រេចបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងឆ្នាំ២០១៨។ ជាមួយគ្នានេះ សមាជិកត្រូវយកចិត្តទុកដាក់ ក្នុងការឆ្លើយតបចំពោះការចោទប្រកាន់អគតិនានា។
លោកបានប្រាប់ប្រជាពលរដ្ឋថា «មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចការពារបូរណភាពទឹកដី ដោយមិនឲ្យបរទេសជិតខាងឈ្លានពានបានឡើយ។ មានតែគណបក្សប្រជាជនទេ ដែលបន្តការទាក់ទាញវិនិយោគិនឲ្យមកបណ្តាក់ទុន បង្កើតការងារជូនប្រជាពលរដ្ឋ និងមានគណបក្សប្រជាជនកម្ពុជាទេ ដែលនឹងបន្តធានាបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពសង្គម»៕