(ប៊ែរឡាំង)៖ លោកស្រី ទូច សុផារត្ន័ ប្រធានគណៈកម្មាធិការបក្ស ប្រចាំសារធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រួមជាមួយក្រុមការងាររៀបចំ អង្គការចាត់យុវជនគណបក្ស ប្រជាជនកម្ពុជា ប្រចាំទ្វីបអឺរ៉ុបដឹកនាំដោយលោក ហួត ហាក់ តំណាងលោក ហ៊ុន ម៉ាណែត បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា និងអបអរសាទរនូវជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កន្លងមកថ្មីៗ។
កម្មវិធីនេះប្រារព្ធឡើងនៅនារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងទីក្រុងប៊ែរឡាំង (Berlin) ដែលមាន ប្រជាពលរដ្ឋខ្មែរ សមាជិក សមាជិការនិង ប្អូនៗ ជាយុវជន ចូលរួមយ៉ាងច្រើនកុះករ។
ក្នុងកម្មវិធីនោះ ក៏មានការអានសន្ទរកថា និងថ្លែងនូវសារនយោបាយមួយចំនួនអំពីសមិទ្ធិផល និងស្នាដៃធំៗ ជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា បានពុះពារគ្រប់ឧបសគ្គ កន្លងមក រហូតធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ រីកចំរើនជាបន្តបន្ទាប់គួរឲ្យកត់សំគាល់។
ផ្សាភ្ជាប់ជាមួយស្នាដៃធំៗជាច្រើន របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសមានស្ថេរភាពនយោបាយ សន្តិភាព រហូតធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសនៅ តែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា និងប្តេជ្ញាចិត្តដើរតាមមាគ៌ា គណបក្សប្រជាជនកម្ពុជា ជារៀងរហូត៕