(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាស «បុណ្យរុក្ខទិវា» នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានស្នើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបណ្តុះគំនិត នៃការស្រឡាញ់ដើមឈើ ចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។
នៅលើ Page Facebook នាថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រទេសជាតិ ដែលសំបូរព្រៃឈើ គឺបានជួយយ៉ាងច្រើនដល់បញ្ហាកាត់បន្ថយ ការបម្រែបម្រួលអាកាសធាតុ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «អបអរសាទរបុណ្យរុក្ខទិវា ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ បុណ្យរុក្ខទិវាបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សា សម្បត្ដិព្រៃឈើ ជាពិសេសដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ»។
ជាមួយគ្នានោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអរគុណក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាគម អង្គការជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ព្រមទាំង បងប្អូន ប្រជាពលរដ្ឋ ដែលបានចូលរួម ថែរក្សាការពារ និងដាំ ដុះដើមឈើកាន់តែច្រើនឡើងនៅទូទាំងប្រទេសផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតី ក្នុងពិធី «រុក្ខទិវា» ដែលជាទិវាដាំដើមឈើប្រពៃណីជាតិ ស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រេច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការល្អប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង អាជ្ញាធរខេត្តកណ្តាល បានកំណត់យកទីតាំងស្ថិតនៅភូមិក្រាំងក្រូច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រារព្ធពិធីរុក្ខទិវាលើកទី២៧ នៅលើផ្ទៃដីទំហំ១០ហិកតា ហើយកូនឈើដែលត្រូវយកមកដាំ នៅក្នុងពិធីនេះ រួមមានប្រភេទឈើក្រញូង ធ្នង និងគីនីន សរុបចំនួន៨,៨៣០ដើម៕